ថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមបន្តជាសមាជិកដ៏សកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ វៀតណាមនឹងបន្តផ្តល់ទីស្នាក់ការដោយឥតគិតថ្លៃសម្រាប់ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនៅវៀតណាម ហើយស្វាគមន៍ទីភ្នាក់ងារទាំងនេះបង្កើតការិយាល័យតំណាងជាតិ ឬតំបន់ ឬធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សកលសំខាន់ៗនៅវៀតណាម។ លើសពីនេះ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយប្រទេសដទៃទៀតតាមរយៈយន្តការសហប្រតិបត្តិការ រួមគ្នាឆ្ពោះទៅរកពិភពលោកមួយដែលមានសន្តិភាព វិបុលភាព បរិយាប័ន្ន និងដាក់មនុស្សជាស្នូល។
នៅក្នុងសុន្ទរកថាផ្ទាល់ខ្លួន ថ្នាក់ដឹកនាំនៃទីភ្នាក់ងារអភិវឌ្ឍន៍ឈានមុខគេទាំងបីរបស់អង្គការសហប្រជាជាតិ គឺកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) សុទ្ធតែវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងសមិទ្ធផលលេចធ្លោរបស់វៀតណាម។
អគ្គនាយក UNDP បានកត់សម្គាល់ការទម្លុះទម្លាយគួរឱ្យកត់សម្គាល់របស់វៀតណាម ពីប្រទេសដែលរងការឈឺចាប់យ៉ាងច្រើនបន្ទាប់ពីង្គ្រាម ទៅជាសេដ្ឋកិច្ចដ៏ស្វាហាប់ និងជាចំណុចលេចធ្លោជាសកលសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស។
ក្នុងពេលជាមួយគ្នានោះ នាយកប្រតិបត្តិ UNICEF បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមគឺជាសក្ខីភាពដ៏ច្បាស់លាស់ដែលបង្ហាញឲ្យឃើញថា ការវិនិយោគលើមនុស្សគឺជាកម្លាំងចលករ ដែលបង្កើតឡើងការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមយ៉ាងស៊ីជម្រៅ។
នាយកប្រតិបត្តិ UNFPA បានសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំមុខគេក្នុងការជំរុញគំនិតផ្តួចផ្តើម អង្គការសហប្រជាជាតិតែមួយ សំដៅកែទម្រង់អង្គការសហប្រជាជាតិនៅថ្នាក់ជាតិ និងបង្កើនប្រសិទ្ធភាពរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម តាមរយៈការសាងសង់ផ្ទះបៃតងរួមរបស់អង្គការសហប្រជាជាតិនៅទីក្រុងហាណូយ៕
