ក្នុងក្របខ័ណ្ឌនៃសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣៣។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើទិសដៅធំៗចំនួនបី ដើម្បីបន្តពង្រីកតួនាទីរបស់ APEC គឺ៖ ត្រួសត្រាយផ្លូវក្នុងការជំរុញបរិយាកាសពាណិជ្ជកម្ម និងវិនិយោគបើកចំហ បង្កើតកម្លាំងចលករថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់សេដ្ឋកិច្ច; បើកលំហអភិវឌ្ឍន៍ថ្មីៗ និងបង្កើតកម្លាំងចលករកំណើនថ្មី; ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីកសាងទំនុកចិត្ត និងរក្សាស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ ជាពិសេស នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានទទួលតួនាទីជាម្ចាស់ផ្ទះនៃឆ្នាំ APEC ២០២៧ ជាផ្លូវការពីប្រទេសចិន ដែលជាការកត់សម្គាល់លើកទីបីដែលវៀតណាមទទួលភារកិច្ចដ៏សំខាន់ក្នុងការសម្របសម្រួលវេទិកាសេដ្ឋកិច្ចឈានមុខគេក្នុងតំបន់នេះ។

ក្នុងការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានចែករំលែកទស្សនវិស័យយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី ជាមួយនឹងគំរូនៃការពឹងផ្អែកលើខ្លួនឯង នវានុវត្តន៍ មនុស្សធម៌ ចីរភាព និងសមាហរណកម្ម។ នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបពិភាក្សាទ្វេភាគីដ៏សំខាន់ជាមួយថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ច និងបានអនុញ្ញាតឱ្យសម្ព័ន្ធធុរកិច្ចសហរដ្ឋអាមេរិក - APEC ចូលជួបសម្តែងការគួរសមផងដែរ។

ពាក់ព័ន្ធនឹងសកម្មភាពទ្វេភាគីជាមួយចិន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបពិភាក្សាការងារជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង; អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សខេត្តក្វាងទុង លេខាគណៈកម្មាធិការបក្សខេត្តយូណាន ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) លោក ចន លី និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនផងដែរ៕