ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងហាណូយ សហការជាមួយបណ្តាមន្ទីរ នាយកដ្ឋាន ផ្នែក មូលដ្ឋាន និងអង្គការពាក់ព័ន្ធ ដើម្បីបន្តលើកតម្កើង ថែរក្សា និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌របស់ថាំងឡុង - ហាណូយ; ជំរុញភាពច្នៃប្រឌិតក្នុងវិស័យសិល្បៈប្រពៃណី បង្កើនការផ្លាស់ប្តូរវប្បធម៌ក្នុងស្រុកនិងអន្តរជាតិ រួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងផ្សព្វផ្សាយរូបភាពទីក្រុងហាណូយជា «ទីក្រុងដើម្បីសន្តិភាព» និងជា «ទីក្រុងនវានុវត្តន៍របស់អង្គការយូណេស្កូ»។
នៅរសៀលថ្ងៃទី ២០ ខែសីហា នៅទីក្រុងហាណូយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី មហោស្រព ថាំងឡុង - ហាណូយលើកទី ២ ឆ្នាំ ២០២៦ លោកស្រី ឡេ ធី អាញម៉ាយ អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងហាណូយ បានឱ្យដឹងថា៖ «មហោស្រព ឆ្នាំនេះមានការចូលរួមពីក្រុមសិល្បៈអន្តរជាតិ រួមជាមួយក្រុមសិល្បៈមកពីបណ្តាខេត្តនិងទីក្រុងទូទាំងប្រទេស។ កម្មវិធីផ្លាស់ប្តូរសិល្បៈអន្តរជាតិ តន្ត្រីយុវជន កម្មវិធីបង្ហាញម៉ូដ និងសកម្មភាពសម្តែងនានា នឹងបង្កើតបរិយាកាសផ្លាស់ប្តុរវប្បធម៌រវាងវប្បធម៌ទីក្រុងហាណូយ និងវប្បធម៌វៀតណាម ជាមួយមិត្តភក្តិអន្តរជាតិ។ អាចនិយាយដល់កម្មវិធីលេចធ្លោមួយចំនួនដូចជា កម្មវិធីសិល្បៈពិសេសក្នុងពិធីបើក ការផ្លាស់ប្តូរសិល្បៈអន្តរជាតិ កម្មវិធីតន្ត្រីយុវវ័យ រាត្រីបង្ហាញម៉ូដ «ពណ៌នៃទីក្រុងហាណូយ- The Color of Hanoi» កម្មវិធី «សំឡេងនៃសេរ៉ាមិច» នៅភូមិបាតត្រាង ក៏ដូចជាការតាំងពិព័រណ៍ ទទួលបទពិសោធន៍ និងការផ្លាស់ប្តូរវប្បធម៌នៅទីតាំងជាច្រើននៃរដ្ឋធានីផងដែរ»៕
