នៅក្នុងការបង្ហោះមួយនៅលើ X អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Ghebreyesus បានឲ្យដឹងថា អឺរ៉ុបគឺជាទ្វីបដែលមានការឡើងកំដៅលឿនបំផុតនៅលើផែនដី ដោយល្បឿនឡើងកំដៅទ្វេដងបើធៀបនឹងអត្រាមធ្យមសកល។ លោកបានសង្កត់ធ្ងន់ថា មនុស្ស ១៥០លាននាក់កំពុងរស់នៅក្នុងស្ថានភាពក្តៅហួសហេតុ ដែលបណ្ដាលឱ្យមានការបិទសាលារៀន និងបណ្តាញអគ្គិសនីលើសចំណុះ។ ដូច្នេះ ករណីស្លាប់ជាង ១៣០០នាក់ត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃទី២១ ខែមិថុនា ដែលទាក់ទងនឹងសីតុណ្ហភាពខ្ពស់នៅអឺរ៉ុប។
ប្រមុខអង្គការសុខភាពពិភពលោកបាននិយាយថា ដោយសារតែការប្រែប្រួលអាកាសធាតុ និងការឡើងកំដៅផែនដី រលកកំដៅកំពុងកើតឡើងស្ទើរតែជារៀងរាល់ឆ្នាំ ខណៈដែលផ្ទះសម្បែង កន្លែងធ្វើការ និងសាលារៀននៅអឺរ៉ុបមិនត្រូវបានសាងសង់ឡើងដើម្បីទប់ទល់នឹងកម្រិតសីតុណ្ហភាពនេះទេ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Ghebreyesus បានផ្ដល់អនុសាសន៍ថា ប្រទេសនៅអឺរ៉ុបនានាគួរតែអនុវត្តន៍ផែនការសកម្មភាពអំពីបញ្ហាសុខភាពទាក់ទងនឹងរលកកំដៅ៕
