នៅក្នុងឱកាសនេះ ទីភ្នាក់ងារសារព័ត៌មាននៃរដ្ឋាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានប្រកាសតួរលេខមួយចំនួន អំពីផលវិបាកនៃជម្លោះ។ តាមនោះ សង្គ្រាមនេះបានឆក់យកអាយុជីវិតប្រជាជនប៉ាឡេស្ទីនជាង ៧៣.០០០ នាក់ ធ្វើឲ្យមនុស្សរងរបួសជាង ១៧៣.៥០០ នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាង ៩០% នៅតំបន់ហ្គាហ្សា។
ក្នុងចំណោមអ្នកស្លាប់មានកុមារជាង ២១.៥០០ នាក់ និងស្ត្រី ១២.៥០០ នាក់។ គ្រួសារចំនួន ២.៧០០ បានបាត់បង់ទាំងស្រុង ដោយគ្មានសមាជិកណាម្នាក់នៅរស់រានមានជីវិតឡើយ។ លើសពីនេះ មនុស្សប្រហែល ៩.៥០០ នាក់កំពុងបាត់ខ្លួន។ កុមារនៅហ្គាហ្សាចំនួន ៥៨.០០០ នាក់បានក្លាយជាក្មេងកំព្រា ដោយបានបាត់បង់ឪពុកម្តាយម្នាក់ ឬទាំងពីរ។
ការប្រយុទ្ធគ្នារយៈពេល ១០០០ ថ្ងៃកន្លងមក ក៏បានបំផ្លាញផ្ទះសម្បែងជាង ៤១០.០០០ ខ្នងផងដែរ ដោយបណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន ១,៩ លាននាក់បាត់បង់លំនៅឋានហើយត្រូវជម្លៀសចេញ ដែលស្ទើរតែ ៩០% នៃចំនួនប្រជាជនហ្គាហ្សា។ សាលារៀន ១០០% នៅក្នុងតំបន់ហ្គាហ្សាបានរងផលប៉ះពាល់ ដែលក្នុងនោះ សាលារៀនចំនួន ២៨៤ ត្រូវបំផ្លាញទាំងស្រុង។ ប្រព័ន្ធថែទាំសុខភាពនៅក្នុងតំបន់ហ្គាហ្សាក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។
នាថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ កងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារលើតំបន់ហ្គាហ្សា ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកងកម្លាំងហាម៉ាសបានបើកការវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១២០០ នាក់ និងចាប់ជាចំណាប់ខ្មាំងជាង ២៥០ នាក់។ ជម្លោះរវាងកងទ័ពអ៊ីស្រាអែល និងកងកម្លាំងហាម៉ាសមិនត្រឹមតែបណ្តាលឱ្យមានអ្នកស្លាប់និងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យបំផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងកងកម្លាំងហេសបូឡានៅលីបង់ ចលនាហ៊ូធីនៅយេម៉ែន និងជាពិសេសសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ផងដែរ៕
