នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានថ្លែងថា វៀតណាម​កំពុងឈាន​ចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ជាមួយ​នឹងតម្រូវការផ្លាស់​ប្តូរ​គំរូអភិវឌ្ឍន៍​ជាតិ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ខិតខំទទួលកំណើនពីរខ្ទង់ ដោយ​ផ្អែក​លើមូលដ្ឋាននៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងផលិតភាពការងារធ្វើ​ជាមូលដ្ឋានគ្រឹះ​។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគ្រាសចិននឹងបន្តកំណត់វៀតណាមជា​គោលដៅវិនិយោគ ផលិតកម្ម និងអាជីវកម្មរយៈពេលវែង; បង្កើនការវិនិយោគដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបជាង និងសមត្ថភាពរីកសាយភាយកាន់តែខ្លាំង​; សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ​សហគ្រាសវៀតណាម ដើម្បីទាញយកសក្តានុពល ចំណុចខ្លាំង និងការបំពេញបន្ថែមគ្នា​ទៅវិញទៅមក​រវាងសេដ្ឋកិច្ចទាំងពីរបានកាន់តែប្រសើរឡើង។​

"សូមស្នើឱ្យ​សហគ្រាសនៃប្រទេសទាំងពីរប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទិសដៅសហប្រតិបត្តិការសំខាន់ៗ ដែលបានព្រមព្រៀងគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ដោយម្ចាស់ការ​ស្នើឡើង និងអនុវត្តគម្រោងជាក់លាក់។ ចាំបាច់ត្រូវលើក​កម្ពស់គុណភាពនៃការវិនិយោគ និងផ្តោតសំខាន់លើការបង្កើន​ខ្លឹមសារបច្ចេកវិទ្យានិងនវានុវត្តន៍។ ខ្ញុំសង្ឃឹមថា សហគ្រាសចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍នៅវៀតណាម សហការ​ជាមួយវិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនានា បណ្តុះបណ្តាលវិស្វករ អ្នកជំនាញ និងធនធានមនុស្សមានគុណភាពខ្ពស់ និងចែករំលែកបទពិសោធន៍អភិបាល​កិច្ច"។

លោក​នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនឹងបន្តផ្ទៀង​ស្តាប់ គាំទ្រ និងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន បង្កើតលក្ខខណ្ឌស​ម្រាប់​សហគ្រាសក្នុងការវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយចីរភាពនៅវៀតណាម៕​