នារសៀលថ្ងៃទី ៥ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Mohamed Khaled bin Nordin ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអះអាងថា វៀតណាមឱ្យតម្លៃដល់ការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយម៉ាឡេស៊ី ឲ្យមានអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាព និងយូរអង្វែង។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់កម្រិត; រក្សាយន្តការសន្ទនា ការពិគ្រោះយោបល់ និងការផ្លាស់ប្តូរព័ត៌មានប្រកបដោយប្រសិទ្ធភាព; ស្វាគមន៍ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទីបី ហើយលើកទឹកចិត្តដល់សហគ្រាសការពារជាតិម៉ាឡេស៊ីឱ្យចូលរួមក្នុងពិព័រណ៍នេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងឆ្នាំនេះនៅទីក្រុងហាណូយ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីបានអបអរសាទរ មចំពោះសមិទ្ធផលសេដ្ឋកិច្ចដ៏លេចធ្លោរបស់វៀតណាម; អះអាងនូវការបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មី ដោយសម្រេចបានលទ្ធផលជាក់ស្តែង រួមចំណែកដល់ការជំរុញទំនាក់ទំនងទ្វេភាគី និងការកសាងសហគមន៍សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យកាន់តែរឹងមាំផងដែរ៕
