ថ្លែងនៅក្នុងជំនួបនេះ លោកស្រី ហ្វ៊ គឹមហ័រ ប្រធាននាយកដ្ឋានផ្សាយជាភាសាបរទេស បានចែករំលែកថា ដោយសម្របខ្លួនទៅនឹងនិន្នាការថ្មីៗ នាយកដ្ឋានផ្សាយជាភាសាបរទេសបានបង្កើតប៉ុស្តិ៍ផតខាសចំនួន ៥ (ភាសាវៀតណាម អង់គ្លេស បារាំង និងចិន)។ ចាប់ពីថ្ងៃទី ១ ខែកញ្ញា នាយកដ្ឋានក៏នឹងដាក់ឱ្យដំណើរការប៉ុស្តិ៍ផតខាសចំនួន ៩ បន្ថែមទៀតជា ៩ ភាសា (ជប៉ុន កូរ៉េខាងត្បូង ថៃ ខ្មែរ ឡាវ ឥណ្ឌូនេស៊ី រុស្ស៊ី អាល្លឺម៉ង់ និងអេស្ប៉ាញ)។
“នៅក្នុងដំណើរការផ្លាស់ប្តូរឌីជីថល អ្នកយកព័ត៌មាន និងអ្នកនិពន្ធនៃនាយកដ្ឋានផ្សាយជាភាសាបរទេស នៅតែរក្សាការផ្សាយតាមរលកវិទ្យុ រក្សាការផ្សព្វផ្សាយលើគេហទំព័រ ហើយធ្វើការងារបន្ថែមទៀតលើវេទិកាឌីជីថលផងដែរ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់សមូហភាពជិត ១០០ នាក់ដែលធ្វើការក្រោមដំបូល VOV5។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ វាតម្រូវឱ្យមានសាមគ្គីភាព និងការស្រុះចិត្តគំនិត មិនត្រឹមតែពីមនុស្សជំនាន់បច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងការគាំទ្រដោយផ្ទាល់ ឬដោយប្រយោលពីអ្នកយកព័ត៌មាន និងអ្នកនិពន្ធជំនាន់មុនៗផងដែរ។ សមិទ្ធផលដែលយើងសម្រេចបាននៅថ្ងៃនេះ គឺមានការរួមចំណែករបស់ជំនាន់មុនៗ”។
ចំណែកឯលោកស្រី Vanessa Muhlheim អ្នកជំនាញភាសាបារាំង ដែលបានធ្វើការអស់រយៈពេលច្រើនឆ្នាំនៅ VOV5 បានចែករំលែកថា៖
“ក្រោយរយៈពេលជាច្រើនឆ្នាំធ្វើការនៅ VOV ខ្ញុំបានរៀនច្រើនណាស់ មិនត្រឹមតែអំពីជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងអំពីប្រទេសវៀតណាម ប្រជាជន វប្បធម៌ និងវិជ្ជាជីវៈសារព័ត៌មានទៀតផង។ ក្នុងនាមជាមនុស្សម្នាក់ដែលមានទាំងឈាមវៀតណាមនិងបារាំង ខ្ញុំបានប្រើប្រាស់ភាសាបារាំងកំណើតរបស់ខ្លួន ដើម្បីនិទានរឿងរ៉ាវអំពីប្រទេសវៀតណាម ហើយក្នុងពេលជាមួយគ្នានោះ ខ្ញុំបានរៀនបន្ថែមអំពីភាសា និងវប្បធម៌វៀតណាមជារៀងរាល់ថ្ងៃផងដែរ។ ខ្ញុំគិតថានេះគឺជាផ្នែកដ៏ស្រស់ស្អាតមួយនៃការងារនៅ VOV ដែលបាននាំប្រទេសវៀតណាមឱ្យកាន់តែខិតជិតមិត្តភក្តិអន្តរជាតិតាមរយៈភាសា ទស្សនៈ និងរឿងរ៉ាវផ្សេងៗគ្នាជាច្រើន”៕
