អង្គការប្រទេសនាំចេញប្រេង (OPEC) នាថ្ងៃទី ១២ ខែសីហា បន្តបញ្ចុះការព្យាករណ៍អំពីកំណើនតម្រូវការប្រេងសកលឆ្នាំ ២០២៦ មកត្រឹម ៥៨ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ នេះជាលើកទីបួនជាប់ៗគ្នាដែលអង្គការនេះបញ្ចុះការព្យាករណ៍អំពីតម្រូវការប្រេងក្នុងឆ្នាំនេះ។

យោងតាមរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់អង្គការ OPEC ដែលទើបតែបានចេញផ្សាយថ្មីៗនេះ ការព្យាករណ៍ថ្មីទាបជាងការប៉ាន់ស្មានពីមុន បានបង្ហាញពីលទ្ធភាពបន្ថយជាបន្តបន្ទាប់នៃការប្រើប្រាស់ប្រេងសកល ក្នុងបរិបទនៃភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល។ ផ្ទុយនឹងឆ្នាំ ២០២៦ OPEC បានបង្កើនការព្យាករណ៍អំពីកំណើនតម្រូវការប្រេងសកលឆ្នាំ ២០២៧ ពីកំណើន ១,៩ លានបារ៉ែលក្នុងមួយថ្ងៃ ឡើងដល់ប្រហែល ២,២ លានបារ៉ែលក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

មុននោះ កាលពីថ្ងៃទី១២ ខែសីហា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ក៏បានបញ្ចុះយ៉ាងខ្លាំងនូវការព្យាករណ៍របស់ខ្លួន អំពីតម្រូវការប្រេងសកលឆ្នាំ២០២៦ ផងដែរ តាមនោះតម្រូវការប្រេងសកលឆ្នាំ២០២៦នឹងធ្លាក់ចុះប្រហែល ១,៥៦ លានបារ៉ែលក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលជាការធ្លាក់ចុះខ្លាំងជាងការព្យាករណ៍ប្រហែល ១ លានបារ៉ែលក្នុងមួយថ្ងៃ ដូចដែលបានធ្វើឡើងក្នុងរបាយការណ៍ខែកក្កដារបស់ IEA។ យោងតាម ​​IEA តម្រូវការប្រេងប្រចាំថ្ងៃត្រូវបានព្យាករថា នឹងមានចំនួន ១០៣,២៨៨ លានបារ៉ែល៕