ដោយភារកិច្ចស្នូលគឺការងារនីតិបញ្ញត្តិ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិតាមតម្រូវការជាក់ស្តែង សម័យប្រជុំបានបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយ ស្មារតីសកម្ម សកម្មភាពដ៏ម៉ឺងម៉ាត់ និងជាក់ស្តែងរបស់រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នដទៃទៀត ក្នុងការបង្កើតនិងអនុវត្តជាបន្ទាន់នូវគោលគារណ៍ របស់បក្ស បំពេញតាមតម្រូវការនិងសេចក្តីប្រាថ្នារបស់ប្រជាជននិងអាជីវកម្មដោយមិនពន្យារពេល ឬខកខានឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងសុន្ទរកថាបិទសម័យប្រជុំ ប្រធានរដ្ឋសភាលោក ជិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖
“នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានអនុម័តលើច្បាប់ចំនួន ១៥ សេចក្តីសម្រេចចិត្តលើបទដ្ឋានច្បាប់ចំនួន ៦ និងបានផ្តល់យោបល់ជាលើកដំបូងលើសេចក្តីព្រាងច្បាប់ចំនួន ៧ ផ្សេងទៀត ដើម្បីដោះស្រាយយ៉ាងទាន់ពេលវេលានូវការលំបាកនិងឧបសគ្គជាក់ស្តែង បន្តកែលម្អក្របខ័ណ្ឌស្ថាប័ន ជំរុញវិមជ្ឈការនិងវិសហមជ្ឈការ កាត់បន្ថយនីតិវិធីរដ្ឋបាល លុបបំបាត់ឧបសគ្គ ដោះសោធនធាន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននិងអាជីវកម្ម ក៏ដូចជាលើកកម្ពស់សុពលភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋផងដែរ។ រដ្ឋសភាបានពិចារណានិងអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗចំនួន ៧ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិ បើកចេញបរិយាកាសអភិវឌ្ឍន៍ថ្មី ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការធានាសន្តិសុខថាមពល ការអភិវឌ្ឍទីក្រុង កែលម្អប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានអភិវឌ្ឍន៍ និងការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់។ ដើម្បីធានាថា ការសម្រេចចិត្តរបស់រដ្ឋសភាត្រូវបានអនុវត្តន៍នៅក្នុងជីវភាពជាក់ស្តែងយ៉ាងឆាប់រហ័ស ការងាររៀបចំត្រូវការអនុវត្តដោយសមកាលកម្ម ឆាប់រហ័ស និងជាប្រព័ន្ធ។ សូមស្នើឱ្យរដ្ឋាភិបាល ក្រសួង វិស័យ និងមូលដ្ឋាននានា ចេញឯកសារពាក់ព័ន្ធទាំងអស់នៅក្នុងសមត្ថកិច្ចរបស់ខ្លួន និងរៀបចំលក្ខខណ្ឌចាំបាច់សម្រាប់ការអនុវត្តច្បាប់និងសេចក្តីសម្រេចចិត្ត ចាប់តាំងពីចូលជាធរមាន។»
មុននឹងពិធីបិទសម័យប្រជុំ រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយវិនិយោគសម្រាប់កម្មវិធីគោលដៅជាតិអភិវឌ្ឍវប្បធម៌-សង្គម តំបន់ជនបទ តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាល២០២៦-២០៣៥ ដោយមានធនធានសរុបជាង ៨០០ ពាន់ពាន់លានដុង (ជាង ៣០,៥ ពាន់លានដុល្លារអាមេរិក) និងបានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងពន្ធលើប្រាក់ចំណូលសាជីវកម្មសម្រាប់បុគ្គល និងអាជីវកម្ម៕
