នេះត្រូវបានបញ្ជាក់ដោយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងជំនួបសំណេះសំណាលជាមួយសហគ្រិនឆ្នើមៗ ក្នុងឱកាសទិវាសហគ្រិនវៀតណាម (ថ្ងៃទី១៣ ខែតុលា) ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ។

ថ្លែងនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានអះអាងថា បក្ស និងរដ្ឋកោតសរសើរចំពោះភាពជោគជ័យដ៏ធំធេង និងការរួមវិភាគទានរបស់កម្លាំងសហគ្រិនក្នុងការរក្សាផលិតកម្ម ការថែទាំពលករ និងការរួមចំណែកធានាសន្តិសុខសង្គម។ ដោយផ្តល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល៩ខែកន្លងមក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា​លទ្ធផលវិជ្ជមានបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូល ប្រជាជនទាំងមូល ការដឹកនាំដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាល និងការរួមចំណែកដ៏សំខាន់របស់សហគ្រាសនិងសហគ្រិន។ ដោយចែករំលែកជាមួយការលំបាករបស់បណ្ដាសហគ្រាស លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា៖

“រដ្ឋត្រូវតែដោះស្រាយបញ្ហាទាំងអស់ កែតម្រូវចំណុចខ្វះខាតដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ហើយសហគ្រាសត្រូវតែច្នៃប្រឌិត និងឈានឡើងផងដែរ។ ទំនុកចិត្តត្រូវតែពូនជ្រុំពីភាគីទាំងសង្ខាង។ រដ្ឋការពារសិទ្ធិស្របច្បាប់ និងបំពេញការសន្យា ខណៈដែលសហគ្រាសវិនិយោគរយៈពេលវែង គោរពតាមច្បាប់ ចែករំលែកការទទួលខុសត្រូវជាមួយពលករ និងសហគមន៍”។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តម្រូវឱ្យមានការកែលម្អសមត្ថភាពផលិតកម្ម ធ្វើជាម្ចាស់លើបច្ចេកវិទ្យា និងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសហគ្រាស; បង្កើនការតភ្ជាប់ ពង្រីកឱកាសទីផ្សារ ធានាការប្រកួតប្រជែងប្រកបដោយស្អាតស្អំសម្រាប់សហគ្រាសអាចរីកចម្រើនជាមួយគ្នា។ ជាពិសេស ចាំបាច់ត្រូវលើកកម្ពស់តួនាទីរបស់សហគ្រិនក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន ដោយផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិ៕