នារសៀលថ្ងៃទី ២៤ ខែកក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកម្មវិធីផ្សព្វផ្សាយ រវាងអយ្យការប្រជាជនកំពូល និងវិទ្យុសំឡេងវៀតណាម (VOV) កាសែត Nhan Dan និងទីភ្នាក់ងារសារព័ត៌មានវៀតណាម សម្រាប់ដំណាក់កាល ២០២៦-២០២៧។
អញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមាន៖ អគ្គរដ្ឋអាជ្ញាអយ្យការប្រជាជនកំពូល លោក ង្វៀន ហ៊ុយទៀន (Nguyen Huy Tien); អនុប្រធានគណៈកម្មការឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម លោក ត្រឹន ថាញ់ឡឹម (Tran Thanh Lam); អគ្គនិពន្ធនាយកកាសែត Nhan Dan លោក ឡេ កួកមិញ (Le Quoc Minh); អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ដូ ទៀនស៊ី (Do Tien Sy); អគ្គនាយកទូរទស្សន៍វៀតណាម លោក ង្វៀន ថាញ់ឡឹម (Nguyen Thanh Lam) និងអគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី វូ វៀតត្រាង (Vu Viet Trang)។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ លោក ង្វៀន ហ៊ុយទៀន អគ្គរដ្ឋអាជ្ញាអយ្យការប្រជាជនកំពូល បានលើកច្បាស់ថា ការចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការជាមួយវិទ្យុសំឡេងវៀតណាម កាសែត Nhan Dan និងទីភ្នាក់ងារសារព័ត៌មានវៀតណាម គឺជាជំហានអភិវឌ្ឍថ្មីមួយនៅក្នុងការងារផ្សព្វផ្សាយរបស់វិស័យអយ្យការប្រជាជន តាមទិសដៅវិជ្ជាជីវៈ ទំនើប ពហុវេទិកា ដោយយកប្រសិទ្ធភាពនៃការបម្រើប្រជាជន និងឥទ្ធិពលសង្គម ជាគោលដៅ។
លោក ង្វៀន ហ៊ុយ ទៀន បានស្នើឱ្យបណ្តាស្ថាប័នសារព័ត៌មានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសមិទ្ធផលថ្មីៗនៃវិស័យអយ្យការប្រជាជន ជាពិសេសភារកិច្ចថ្មីៗក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ការផ្លាស់ប្ដូរថ្មីខ្លឹមសារនិងវិធីសាស្រ្តផ្សព្វផ្សាយ តាមទិសដៅពហុវេទិកា; កសាងផលិតផលសារព័ត៌មានដែលមានគុណភាពខ្ពស់ ជ្រាលជ្រៅ និងការតំរង់ទិសច្បាស់លាស់ ជាមួយនឹងសមត្ថភាពជះឥទ្ធិពលទូលំទូលាយ; រួមចំណែកក្នុងការកសាងរូបភាពនៃវិស័យអយ្យការប្រជាជនដ៏មានឫទ្ធានុភាព ស្មោះត្រង់ វិជ្ជាជីវៈ និងនវានុវត្តន៍៕
