ក្នុងជំនួបពិភាក្សាការងារ លោកស្រី ឌឺរីយ៉ា ឆាឡា (Derya Çağlar) អគ្គនាយិកាឧទ្យានបច្ចេកវិទ្យាខ្ពស់ Ostim បានឱ្យដឹងថា Ostim ត្រូវបានវាយតម្លៃថា ជាគំរូនៃការតភ្ជាប់រវាងតំបន់ឧស្សាហកម្ម សាកលវិទ្យាល័យ ឧទ្យានបច្ចេកវិទ្យា និងមូលនិធិវិនិយោគនៅប្រទេសតួកគី ដោយមានសហគ្រាសជាង ៦.៥០០ ចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ី ដើរតួទាំងជាអ្នកផ្គត់ផ្គង់ ទាំងជាអតិថិជន និងជាដៃគូផលិតកម្ម។ សហគ្រាសទាំងនេះធ្វើប្រតិបត្តិការលើវិស័យការពារជាតិ អាកាសចរណ៍ បច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូនិក គ្រឿងម៉ាស៊ីនផលិតកម្ម ថាមពលកកើតឡើងវិញ និងបរិក្ខារពេទ្យ។
ចំណែកឯលោកឧបនាយករដ្ឋមន្ត្រី ហូ កួកយុង បានស្នើឱ្យ Ostim Teknopark បង្កើនការតភ្ជាប់ជាមួយឧទ្យានបច្ចេកវិទ្យាខ្ពស់នានារបស់វៀតណាម ដោយផ្តោតលើការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ទាំងពីរ។ ទន្ទឹមនឹងនេះ ជំរុញការតភ្ជាប់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) អនុវត្តគម្រោងស្រាវជ្រាវរួមគ្នាលើវិស័យបច្ចេកវិទ្យាមុខព្រួញ ដូចជាបញ្ញាសិប្បនិម្មិត (AI) បន្ទះឈីប (Semiconductor) សម្ភារៈថ្មី និងបច្ចេកវិទ្យាចំណីអាហារហាឡាល (Halal) ជាដើម។ លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រការតភ្ជាប់ឧទ្យានបច្ចេកវិទ្យាខ្ពស់ Ostim ជាមួយសហគ្រាស និងមូលដ្ឋាននានាដែលមានតម្រូវការ និងសក្តានុពលសហប្រតិបត្តិការសមស្រប៕
