សម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៦ បានបើកនាព្រឹកថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងសម័យបើក មានវត្តមានរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំនៃបក្ស រដ្ឋ រដ្ឋសភា និងរណសិរ្សមាតុភូមិវៀត ណាម...។ សម័បើកកិច្ចប្រជុំត្រូវបានផ្សាយផ្ទាល់តាមវិទ្យុសម្លេងវៀតណាម និងទូរទស្សន៍ វៀតណាម សម្រាប់ប្រជាជន និងអ្នកបោះឆ្នោតទូទាំងប្រទេសតាមដាន។
សម័យប្រជុំនេះត្រូវបានធ្វើឡើងក្នុងទម្រង់ប្រជុំផ្ទាល់នៅសាលប្រជុំនៅទីក្រុងហាណូយ និង បែងចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី ១ ចាប់ពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា; ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ដល់ថ្ងៃទី ២១ ខែវិច្ឆិកា។ នៅក្នុងសុន្ទរកថាបើកសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី១៦ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានសង្កត់ធ្ងន់ថា នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាត្រូវផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបំពេញភារកិច្ចដ៏ធំមួយ ដែលមានខ្លឹមសារសំខាន់ៗជាយុទ្ធសាស្ត្រ។ ទាក់ទងនឹងការងារនីតិបញ្ញត្តិ ប្រធានរដ្ឋសភា លោកត្រឹន ថាញ់ មិនបានថ្លែងថា៖ “រដ្ឋសភានឹងធ្វើការពិចារណាលើសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តចំនួន ៤៧ ដែលក្នុងនោះ គ្រោងនឹងធ្វើការពីនិត្យនិងអនុម័តលើសេចក្តីព្រាងច្បាប់ សេចក្តីសម្រេចចិត្តចំនួន ៤៣ ក៏ដូចជាផ្តល់មតិយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៤ ផ្សេងទៀត។ នេះគឺជាបរិមាណច្បាប់ច្រើនបំផុត ចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិរដ្ឋសភាលើកទី ១៦។ មានសេចក្តីព្រាងច្បាប់ជាច្រើនជះឥទ្ធិពលដោយផ្ទាល់ទៅលើសកម្មភាពផលិតកម្ម និងអាជីវកម្ម សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងអាជីវកម្ម និងការអភិវឌ្ឍប្រទេស ជាពិសេសនៅក្នុងវិស័យដីធ្លី លំនៅដ្ឋាន អាជីវកម្ម អចលនទ្រព្យ ការវិនិយោគ...។ តម្រូវការដាក់ចេញគឺមិនត្រឹមតែត្រូវបំពេញច្បាប់ និងសេចក្តីសម្រេចចិត្តមួយចំនួនធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវធានាថា ច្បាប់ និងសេចក្តីសម្រេចចិត្តដែលបានអនុម័តមានគុណភាពខ្ពស់ អាចធ្វើទៅបាន សមកាលកម្ម និងឯកភាពគ្នានៅក្នុងប្រព័ន្ធច្បាប់”។
ទាក់ទងនឹងសេដ្ឋកិច្ច សង្គម និងថវិការដ្ឋ ប្រធានរដ្ឋសភា លោកត្រឹន ថាញ់ មិនបានថ្លែងថា រដ្ឋសភានឹងពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការឆ្នាំ ២០២៦ សម្រេចលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ការប៉ាន់ប្រមាណថវិការដ្ឋ ផែនការបែង ចែកថវិកាមជ្ឈិម និងផែនការវិនិយោគសាធារណៈសម្រាប់ឆ្នាំ២០២៧ ព្រមទាំងពិចារណាលើបញ្ហាសំខាន់ៗផ្សេងទៀតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន។ រីឯការងារឃ្លាំមើល ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិន បានមានប្រសាសន៍ថា៖ "រដ្ឋសភានឹងពិនិត្យរបាយការណ៍ដោយបូកសរុបមតិយោបល់ និងអនុសាសន៍របស់អ្នកបោះឆ្នោត និងប្រជាជន លទ្ធផលនៃការដោះស្រាយអនុសាសន៍របស់អ្នកបោះឆ្នោត ការងារទទួល ពលរដ្ឋ ការដោះស្រាយពាក្យបណ្តឹង តវ៉ានិងបណ្តឹងបរិហារ និងដំណើរការសួរដេញដោលនិងឆ្លើយសំណួរដេញ ដោល។ រាល់មតិ និងការសម្រេចចិត្តត្រូវតែផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ និងសិទ្ធិស្របច្បាប់របស់ប្រជាជន ដោយបង្ហាញយ៉ាងច្បាស់អំពីស្មារតីបម្រើមាតុភូមិ និងបម្រើប្រជាជន"។
បន្ទាប់ពីសុន្ទរកថាបើករបស់ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន រដ្ឋសភាបានស្តាប់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បង្ហាញរបាយការណ៍ស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ២០២៦ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៧៕
