ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរឌីជីថលនៃវិស័យកសិកម្ម និងបរិស្ថាន សំដៅលើកកំពស់តម្លាភាពខ្សែសង្វាក់ផលិតកម្មកសិកម្មទាំងមូល និងតាមដានប្រភពដើមនៃផលិតផលកសិកម្ម រួមចំណែកដល់ការធានាគុណភាព រក្សាកិត្យានុភាព និងបង្កើនតម្លៃកសិផលវៀតណាមនៅលើទីផ្សារអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រីបានតម្រូវឲ្យអនុវត្តន៍ក្នុងពេលឆាប់ៗនេះនូវការតាមដានប្រភពដើមនៃផ្នែកទំនិញសំខាន់ៗ ផលិតផលដែលមានបរិមាណច្រើន និងតម្លៃសេដ្ឋកិច្ចខ្ពស់ ដែលបម្រើដល់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ជាពិសេសទីផ្សារសំខាន់ៗដែលស្រូបយកសមាមាត្រដ៏ធំក្នុងការនាំចេញកសិផលរបស់វៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធបង្កើនការសម្របសម្រួល បង្កើតស្តង់ដារ និងកែលម្អយន្តការសម្រាប់តភ្ជាប់ទំនាក់ទំនង ចែករំលែក និងផ្ទៀងផ្ទាត់ព័ត៌មាន និងទិន្នន័យ ព្រមទាំងគាំទ្រដល់អាជីវកម្ម សហករណ៍ និងគ្រួសារផលិតកម្មឱ្យចូលរួមក្នុងប្រព័ន្ធនេះផងដែរ៕

ប្រព័ន្ធតាមដានប្រភពដើមផលិតផលកសិកម្មវៀតណាមមានសមាសធាតុស្នូលចំនួនបី៖ សម្រាប់ប្រជាពលរដ្ឋស្វែងរកព័ត៌មាន; អភិបាលកិច្ចដែលបម្រើដល់ភ្នាក់ងារគ្រប់គ្រង អាជីវកម្ម និងអង្គភាពដែលចូលរួមក្នុងខ្សែសង្វាក់នេះ; កម្មវិធីដែលអាចដំឡើងនៅលើទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃ។ រហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធនេះបានរួមបញ្ចូលព័ត៌មាន និងទិន្នន័យស្តីពីការតាមដានប្រភពដើមនៃផលិតផលជាង ១៨៥០០ របស់អាជីវកម្មចំនួន ១៧០ នៅក្នុងខេត្តក្រុងចំនួន ២៤/៣៤។