សេចក្តីថ្លែងការណ៍នេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំអាមេរិក បានរិះគន់ការវាយប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេង​របស់រុស្ស៊ី។ នៅលើ​បណ្តាញសង្គម Truth Social លោកប្រធានាធិបតី ដូណាល ត្រាំ បានថ្លែងថា តម្លៃប្រេងម៉ាស៊ូតសកល​កើនឡើងគឺភាគច្រើនដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន មិនមែនជម្លោះនៅអ៊ីរ៉ង់​នោះ​ទេ។

មុននេះ នៅថ្ងៃទី១៣ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីរបស់​អ្នកនាំពាក្យវិមានក្រឹមឡាំងដែលបាននិយាយថា ទីក្រុងម៉ូស្គូមិនបានច្រានចោលលទ្ធភាពនៃការធ្វើកិច្ចចរចាត្រីភាគីស្តីពី​បញ្ហា​អ៊ុយក្រែននៅក្នុងខែតុលានោះទេ។ ទាក់ទងនឹងបញ្ហានេះ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក​ Yury Ushakov បានឱ្យដឹងថា លោក​ប្រធានាធិបតី ពូទីន នឹងសម្រេច អ្នកណានឹងដឹកនាំគណៈប្រតិភូរុស្ស៊ី​ដើម្បីចូលរួមក្នុងកិច្ចចរចាត្រីភាគីលើបញ្ហា​អ៊ុយក្រែន។ លោកក៏បានកត់សម្គាល់ថា ភាគីនានា​មិនទាន់បានឯកភា​ព​គ្នា​លើកញ្ចប់​សំណើ​ណាមួយទេ ពីព្រោះភាគីនីមួយៗសុទ្ធតែស្វែងរកគោលដៅអាទិភាពរៀងៗខ្លួន។​ ទាក់ទងនឹងទីកន្លែងនៃ​កិច្ចចរចា ជំនួយការប្រធានាធិបតីរុស្ស៊ីបាន​ឱ្យដឹងថា «បេក្ខជន» ដែលកំពុងត្រូវបានពិចារណា រួមមានទីក្រុងអាប៊ូដាប៊ី (អេមីរ៉ាត​អារ៉ាប់រួម) ទួរគី និងប្រទេសជាច្រើនទៀតដែលក៏បានបង្ហាញពីឆន្ទៈ​ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចានេះផងដែរ។ លោក Ushakov បានសង្កត់ធ្ងន់ថា នៅមានការងារជាច្រើនដែលត្រូវធ្វើ ដើម្បីសម្រេចបាននូវដំណោះស្រាយសន្តិភាព សម្រាប់បញ្ហាអ៊ុយក្រែន៕​​