ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានបើក​​ចំហ​លទ្ធភាពនៃការបន្តការចរចាជាមួយអ៊ីរ៉ង់ "នៅពេលណាមួយ"។ លោកក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកកំពុង​កាន់កាប់ និងគ្រប់គ្រងច្រកសមុទ្រ Hormuz ទាំងស្រុង ទោះបីជាអ៊ីរ៉ង់បដិសេធ និងអះអាងថា ខ្លួនជាអ្នកគ្រប់គ្រងពិតប្រាកដនៃច្រកសមុទ្រនេះ​ក៏ដោយ។

លោកប្រធានាធិបតី Trump ក៏បានបង្ហាញពីផែនការជួបជាមួយមេដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក គីម ជុងអ៊ុន នៅចុងឆ្នាំនេះ ជាសញ្ញាមួយដែលបង្ហាញថា លោកត្រាំ​ មាន​បំណងចង់ស្តារឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងចាប់ពីអាណត្តិដំបូងរបស់លោក ដើម្បីលើកទឹកចិត្តទីក្រុងព្យុងយ៉ាងឱ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ លោកប្រធានាធិបតី ដូណាល ត្រាំ បាននិយាយថា លោកមានទំនាក់ទំនងដ៏​ល្អជាមួយលោក គីម ជុងអ៊ុន ហើយនោះគឺ​ជារឿងល្អណាស់​។

នៅក្នុងអាណត្តិដំបូង លោក ដូណាល ត្រាំ បានជួបជាមួយលោក គីម ជុងអ៊ុន ចំនួនបីដង រួមទាំងកិច្ចប្រជុំនៅតំបន់គ្មានយោធាអន្តរ​កូរ៉េ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងការទូតនៅពេលនោះ មិនបាននាំឱ្យទីក្រុងព្យុងយ៉ាងកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ៕​