រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់នៅថ្ងៃទី ២១ ខែតុលាថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេចចិត្តអញ្ជើញរុស្ស៊ីឱ្យចូលរួមកិច្ចប្រជុំនានាក្នុងក្របខ័ណ្ឌនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងកំពុងរីកចម្រើនឈានមុខគេលើពិភពលោក (G20) ព្រមទាំងទុកចំហលទ្ធភាពឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ធ្វើដំណើរទៅកាន់ទីក្រុង Miami ដើម្បីចូលរួមកិច្ចប្រជុំកំពូល។
ថ្លែងទៅកាន់សារព័ត៌មាននៅទីក្រុង Mumbai ប្រទេសឥណ្ឌា រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានឲ្យដឹងថា រុស្ស៊ីត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសកម្មភាព G20 តាមការសម្រេចចិត្តរបស់ប្រធានាធិបតី Donald Trump ហើយនឹងមានតំណាងនៅក្នុងកិច្ចប្រជុំរបស់ក្រុម។ លោក Marco ចាត់ទុកថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov អាចចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅទីក្រុង Atlanta នៅចុងខែនេះ ហើយថា ប្រធានាធិបតី Vladimir Putin អាចធ្វើដំណើរទៅកាន់ទីក្រុង Miami សម្រាប់ចូលរួមកិច្ចប្រជុំកំពូល G20 នៅចុងឆ្នាំនេះ។
ការដែលប្រធានាធិបតីរុស្ស៊ីអាចចូលរួមកិច្ចប្រជុំកំពូល G20 នៅសហរដ្ឋអាមេរិកត្រូវបានបង្ហាញ បន្ទាប់ពីមហាអំណាចទាំងបីគឺសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី អាចនឹងរៀបចំកិច្ចប្រជុំត្រីភាគីនៅទីក្រុង Shenzhen ខេត្ត Guangdong (ប្រទេសចិន) នៅខាងក្រៅកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ ទោះជាយ៉ាងណាក៏ដោយ ភាគីនានាមិនទាន់បញ្ជាក់ជាផ្លូវការអំពីកិច្ចប្រជុំនេះ ឬរបៀបវារៈជាក់លាក់នៅឡើយទេ។
នៅថ្ងៃទី ២១ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្វាគមន៍រុស្ស៊ីចំពោះការដោះលែងពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំពីការចោទប្រកាន់ពីបទធ្វើទាហានស៊ីឈ្នួល។ ការដោះលែងនេះបានកើតឡើងក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់បេសកជនពិសេសអាមេរិកសំដៅជំរុញការចរចាលើជម្លោះអ៊ុយក្រែន៕
