កម្មវិធីនេះត្រូវបានរៀបចំឡើងដោយវិទ្យុសំឡេងវៀតណាម (VOV) សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង កាសែតអនឡាញ VTC News និងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងដាណាំង។
តាមរយៈបច្ចេកវិទ្យាការពិតនិម្មិត (VR) អ្នកចូលរួមក្នុងកម្មវិធីនេះមានអារម្មណ៍ដូចកំពុងបោះជំហានចូលទៅក្នុងទីលានប្រវត្តិសាស្ត្របាឌីញនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ដោយចូលរួមជាមួយហ្វូងមនុស្សដែលកំពុងឆ្ពោះទៅកាន់វេទិកា ដើម្បីស្តាប់លោកប្រធាន ហូជីមិញអានសេចក្តីប្រកាសឯករាជ្យ។
នៅក្នុងសុន្ទរកថាបើក លោក ង៉ូ មិញហៀន អគ្គនាយករងវិទ្យុសំឡេងវៀតណាម បានសង្កត់ធ្ងន់ថា៖ "ការរៀបរាប់ឡើងវិញនូវរឿងរ៉ាវនៃទិវាឯករាជ្យតាមរបៀបថ្មីមិនត្រឹមតែបង្ហាញពីការច្នៃប្រឌិតបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយរបស់វិទ្យុសំឡេងវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយមួយសម្រាប់វិទ្យុសំឡេងវៀតណាមបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនជាទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយជាតិឈានមុខគេក្នុងការអភិរក្ស និងផ្សព្វផ្សាយតម្លៃប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ"។
លោកស្រី ង្វៀន ធូភឿង អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ក្រុងដាណាំង បានចាត់ទុកថា៖ “នេះមិនមែនគ្រាន់តែជាបទពិសោធន៍បច្ចេកវិទ្យានោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺជាស្ពានអារម្មណ៍ដែលភ្ជាប់មនុស្សជំនាន់នេះទៅនឹងការយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្លៃនៃឯករាជ្យ សេរីភាព និងការលះបង់ឥតត្រើយរបស់បុព្វបុរស”។
បន្ទាប់ពីពិធីបើកសម្ពោធ ប្រជាជននិងអ្នកទេសចរមួយចំនួនធំបានតម្រង់ជួរដើម្បីចុះឈ្មោះសម្រាប់ចូលទស្សនា។ ប្អូន ត្រឹន ង៉ុក ក្វាង មកពីសង្កាត់ហៃចូវ ក្រុងដាណាំង បានចែករំលែកថា៖ “ខ្ញុំមានអារម្មណ៍មោទនភាពយ៉ាងខ្លាំងដែលបានជួបប្រទះបទពិសោធន៍ការពិតនិម្មិតនៃការវិលត្រឡប់ទៅកាន់ពេលវេលាដ៏ពិសិដ្ឋនោះ។ ពេលកំពុងមើល ខ្ញុំមានអារម្មណ៍ថា បរិយាកាសគឺពិតប្រាកដណាស់។ ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងរស់នៅក្នុងពេលនោះ។ ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ ជាយុវជនម្នាក់ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង”។
កម្មវិធី "វិលត្រឡប់ទៅកាន់ពេលវេលាដ៏ពិសិដ្ឋ" នៅទីក្រុងដាណាំងបានធ្វើឡើងចាប់ពីថ្ងៃទី ២ ខែកញ្ញា ដល់ថ្ងៃទី ២ ខែកញ្ញា៕
