ក្រោមការដឹកនាំ​របស់វិទ្យុសំឡេងវៀតណាម (VOV) កាសែតអេឡិចត្រូនិក VTC News ​សម្របសម្រួល​​ជាមួយ​វិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ CDIT នៃវិទ្យាស្ថានប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​រៀបចំ​ព្រឹត្តកិការណ៍នេះ​។

តាមរយៈបច្ចេកវិទ្យាការពិតនិម្មិត សាធារណជនបានសម្របខ្លួនទៅក្នុងបរិយាកាសនៃទីលានបាឌីញ ទីក្រុងហាណូយ កាលពី៨១ឆ្នាំមុន ដោយបានមើល​ឃើញពេលវេលាដែលលោកប្រធានហូជីមិញ អានសេចក្តីប្រកាសឯករាជ្យនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្ននេះ ជាសាធារណរដ្ឋសង្គមនិយមវៀតណាម។ រូបភាពប្រវត្តិសាស្ត្រដែលត្រូវបាន​បង្ហាញឡើងវិញ ជួយអ្នកចូលរួមឱ្យមានអារម្មណ៍កាន់តែច្បាស់អំពីបរិយាកាសដ៏ឧឡារិក និងភាពសប្បាយរីករាយរបស់ប្រជាជននៅទិវាបុណ្យឯករាជ្យជាតិ។

នៅក្នុងព្រឹត្តិការណ៍នេះ លោក ង៉ោ មិញហៀន អគ្គនាយករងវិទ្យុសំឡេងវៀតណាម បានឱ្យដឹងថា ពេលវេលាដែលលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យនៅទីលានបាឌីញ គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយវិទ្យុសំឡេងវៀតណាម​ចង់បង្ហាញឡើងវិញ ដើម្បីឱ្យ​ប្រជាជនគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយ អាចយល់បានកាន់តែជ្រាលជ្រៅអំពីប្រវត្តិសាស្ត្រ និងប្រពៃណីស្នេហាជាតិរបស់ប្រជាជនវៀតណាម។

«ទីតាំងនីមួយៗមានចំណុចពិសេសរៀងៗខ្លួន។ នៅទីក្រុងហាណូយ ជាកន្លែងចាប់ផ្តើម​កម្មវិធីនេះ ក៏ជាកន្លែងដែលលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ គឺ​មានអត្ថន័យដ៏​ពិសិដ្ឋ​។ ប៉ុន្តែនៅពេលដែលយើងនាំយកកម្មវិធី "វិលត្រឡប់ទៅកាន់ពេលវេលាដ៏​ពិសិដ្ឋ" ទៅកាន់ខេត្ត និងទីក្រុងដទៃទៀតដូចជា ខេត្តក្វាងនិញ និងខេត្ត​ង៉េអាន - ស្រុកកំណើតរបស់លោកប្រធានហូជីមិញ - កន្លែងនីមួយៗមានចំណាប់​អារម្មណ៍ពិសេសរៀងៗខ្លួន។ យើងសង្ឃឹមថា កម្មវិធី "វិលត្រឡប់ទៅកាន់ពេលវេលាដ៏​ពិសិដ្ឋ" នៅវិមានឯករាជ្យលើកនេះ នឹងនាំមកនូវចំណាប់​អារម្មណ៍ពិសេសដល់អ្នក​ទស្សនា​ដែលមកទទួលយកបទពិសោធន៍នេះ»។

កម្មវិធី “វិលត្រឡប់ទៅកាន់ពេលវេលាដ៏ពិសិដ្ឋ” រួមចំណែកដល់ការពូនជ្រុំ​​សេចក្តី​ស្នេហាជាតិ មោទនភាពជាតិ និងស្មារតីទទួលខុសត្រូវ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ៕​