ធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានកត់សម្គាល់នូវលទ្ធផលសេដ្ឋកិច្ច-សង្គមវិជ្ជមានក្នុងខែសីហា និងរយៈពេល​ ៨ ខែដំបូងនៃឆ្នាំ២០២៦។ ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា​សម្ពាធក្នុងការផ្លាស់ប្ដូរថ្មីគំរូកំណើន ទាមទារឱ្យក្រសួង វិស័យ និងមូលដ្ឋាននានា ត្រូវខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដើម្បីគ្រប់គ្រងអតិផរណានិងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៖

«គ្រប់គ្រងតម្លៃទំនិញ និងសេវាកម្មចាំបាច់ដោយម្ចាស់ការ ដើម្បីគ្រប់គ្រងអតិផរណា។ ចាត់វិធានការគ្រប់គ្រងតម្លៃថាមពល និងតម្លៃសេវាកម្មដែលគ្រប់គ្រងដោយរដ្ឋ។ ស្នើឲ្យក្រសួងហិរញ្ញវត្ថុ ពិនិត្យ និងវាយតម្លៃវិធានការគ្រប់គ្រងតម្លៃឲ្យបានសមស្រប ដើម្បីធានាបាននូវគោលដៅគ្រប់គ្រងអតិផរណា និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ក្នុង​គោលដៅ​ប្រតិបត្តិការ​នៅ​ឆ្នាំ​នេះ ក៏​ដូច​ជា​ឆ្នាំ​ក្រោយ ត្រូវតែប្រកាន់ខ្ជាប់នូវ​គោលដៅ​គ្រប់គ្រង​អតិផរណា»។

លោកនាយករដ្ឋមន្ត្រីបាន​ស្នើឲ្យបន្ត​គោលនយោបាយ​លើក​លែង ​កាត់​បន្ថយ និង​ពន្យារ​ពន្ធ ថ្លៃ​សេវា កែទម្រង់ដំណើរការបង្វិលសងអាករលើតម្លៃបន្ថែម (VAT) សម្រួលនីតិវិធីគយ ពន្លឿន​ការ​បញ្ចេញ​ទុន​វិនិយោគ​សាធារណៈ ដោយ​ប្ដេជ្ញាចិត្តសម្រេច ១០០% នៃ​ផែនការ​ដែល​បានប្រគល់ជូន។

ទាក់ទងនឹងការត្រៀមរៀបចំសម្រាប់ឆ្នាំសិក្សាថ្មី លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរៀបចំពិធីបើកបវេសនកាល និងសម្ពោធសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតនៅតាមឃុំព្រំដែនគោក (ដំណាក់កាលទី១) និងបើកការដ្ឋានសាងសង់ដំណាក់កាលទី២ តាមកាលវិភាគ ព្រមទាំង ធានាការផ្គត់ផ្គង់សៀវភៅសិក្សាឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល៕