អញ្ជើញចូលរួមពិធីនេះមានលោក ដូ ទៀនស៊ី សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកវិទ្យុសំឡេងវៀតណាម អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម បណ្ដាអគ្គនាយករង និងថ្នាក់ដឹកនាំនៃអង្គភាពនានាក្នុងវិទ្យុ។
VOV Sonata-FM៨៩ គឺជាជំហានជាក់ស្តែងមួយក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ៨០ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។ ក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ ចាប់ពីការផ្ដើមគំនិតរហូតដល់ការបង្កើតប៉ុស្តិ៍ ក្រុមអ្នកសារព័ត៌មាន អ្នកនិពន្ធ និងអង្គភាពនានានៅក្នុង វិទ្យុសំឡេងវៀតណាម បានខិតខំប្រឹងប្រែងស្រាវជ្រាវគំរូ កសាងក្របខ័ណ្ឌកម្មវិធី ជ្រើសរើសប្រភពតន្ត្រី ពិគ្រោះយោបល់ជាមួយអ្នកជំនាញក្នុងស្រុក និងអន្តរជាតិ និងត្រៀមរៀបចំក្រុមផលិតកម្មដើម្បីចាក់ផ្សាយ VOV Sonata – FM៨៩។
ថ្លែងនៅក្នុងពិធីនេះ លោក ផាម ម៉ាញហ៊ុង អគ្គនាយករងនៃវិទ្យុសំឡេងវៀតណាម ដែលទទួលបន្ទុកផ្ទាល់លើប៉ុស្តិ៍តន្ត្រីឯកទេស VOV Sonata-FM៨៩ បានមានប្រសាសន៍ថា ការបើកដំណើរការ VOV Sonata-FM៨៩ មិនគ្រាន់តែជាការបំពេញបន្ថែមនូវប៉ុស្តិ៍វិទ្យុជាតិមួយប៉ុណ្ណោះទេ ថែមទាំងក៏ឆ្លុះបញ្ចាំងពីទិសដៅអភិវឌ្ឍន៍ និងការទទួលខុសត្រូវផ្នែកវប្បធម៌របស់ទីភ្នាក់ងារសារព័ត៌មានជាតិទៀតផង៖
“VOV Sonata – FM៨៩ គឺជាកាដូដ៏ស្រស់ស្អាតសម្រាប់មិត្តអ្នកស្តាប់វៀតណាម និងមនុស្សជំនាន់ក្រោយ; ជាកន្លែងសម្រាប់សាធារណជនស្វែងរកតន្ត្រី និងនាំតន្ត្រីមកក្នុងជីវភាពប្រចាំថ្ងៃ។ ប៉ុស្តិ៍នេះក៏មានសក្តានុពលក្លាយជាប៉ុស្តិ៍តន្ត្រីដ៏មានកិត្យានុភាពមួយនៅអាស៊ី ដោយរួមចំណែកដល់ការឧទ្ទេសនាមអំពីទេពកោសល្យវៀតណាម ចែករំលែកតន្ត្រី និងចំណេះដឹងជាមួយតំបន់ និងពិភពលោក។ នោះក៏ជាការរំពឹងទុក និងការទទួលខុសត្រូវដែលដាក់លើ VOV Sonata - FM89 ផងដែរ។”
VOV Sonata – FM៨៩ នឹងចាក់ផ្សាយ ២៤ ម៉ោងក្នុងមួយថ្ងៃចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ដោយដំបូងឡើយគ្របដណ្តប់លើតំបន់សំខាន់ៗចំនួន ១០ រួមមាន ហាណូយ ទីក្រុងហូជីមិញ ដាណាំង កឹមធើ ញ៉ាត្រាង ហៃផុង ក្វាងនិញ ហ៊ឹងអៀន បាក់និញ និងភូក្វឹក។ ចាប់ពីឆ្នាំ ២០២៧ តទៅ គោលដៅគឺបង្ហើយបណ្តាញផ្សព្វផ្សាយទូទាំងប្រទេស៕
