គំនិតផ្តួចផ្តើមនេះ កើតឡើងក្នុងបរិបទដែលស្ថានភាពសន្តិសុខ​នៅសមុទ្រក្រហម​បន្តវិវត្តន៍យ៉ាងស្មុគស្មាញ បន្ទាប់ពីការវាយប្រហារអស់រយៈពេល​ជាច្រើនខែ​សំដៅលើនាវាពាណិជ្ជកម្ម។ ស្ថានភាពនេះបានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិជាច្រើន ត្រូវធ្វើដំណើរជុំវិញជ្រោយ Cape of Good Hope ដែលបង្កើនថ្លៃដឹកជញ្ជូន និងពង្រីកពេលវេលាដឹកជញ្ជូនទៅកាន់ទីផ្សារអាហ្វ្រិក និងអឺរ៉ុប។

ចំពោះទ្វីបអាហ្វ្រិក សម្ព័ន្ធភាពថ្មីនេះមិនត្រឹមតែបង្ហាញពីកិច្ចសហប្រតិបត្តិការការពារជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការការពារផ្លូវដឹកជញ្ជូនដ៏សំខាន់របស់ទ្វីបនេះទៀត​ផង។ ប្រទេសអេហ្ស៊ីប ជីប៊ូទី អេរីទ្រា និងសូម៉ាលី ស្ថិតនៅតាមបណ្តោយចំណុចសំខាន់នៃការដឹកជញ្ជូនតាមសមុទ្រ ខណៈដែលប្រទេសស៊ូដង់មានឆ្នេរសមុទ្រដ៏វែងមួយនៅលើសមុទ្រក្រហម ដែលតភ្ជាប់រវាងអាហ្វ្រិកខាងជើង និងខាងកើត។ ច្រកសមុទ្រ បាបអែលម៉ាន់ដេប គឺជា​ផ្លូវសមុទ្រដ៏សំខាន់បំផុតមួយនៅ​ក្នុងពិភពលោក ដែលតភ្ជាប់សមុទ្រក្រហម ជាមួយឈូងសមុទ្រ Aden និងមហាសមុទ្រឥណ្ឌា។ ការរំខានណាមួយនៅក្នុងតំបន់នេះ សុទ្ធតែអាចជះឥទ្ធិពលដោយផ្ទាល់​ដល់សកម្មភាពនាំចេញ-នាំចូល ប្រភពផ្គត់ផ្គង់ថាមពល និងសន្តិសុខស្បៀងអាហារ​នៃប្រទេសជាច្រើននៅអាហ្វ្រិក។ ក្រៅពីនេះ ការពង្រឹងកិច្ចសហការលើផ្ទៃសមុទ្រ​ក៏ជួយលើកកម្ពស់ប្រសិទ្ធភាពនៃការប្រឆាំងចោរសមុទ្រ ការជួញដូរអាវុធខុសច្បាប់ ការនេសាទខុសច្បាប់ និងការជួញដូរមនុស្សនៅប្រទេសមួយចំនួនផងដែរ៕