នៅក្នុងជំនួបនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រាជវង្សដាណឺម៉ាក ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងការតភ្ជាប់ប្រជាជន; សម្តែងនូវបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនង​មិត្តភាពវៀតណាម-ដាណឺម៉ាក​​ឱ្យ​កាន់តែ​រឺងមាំ និង​ស៊ីជម្រៅថែមទៀត​។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម សង្ឃឹមថា ព្រះមហាក្សត្រដាណឺម៉ាក​​នឹងបន្តយកចិត្តទុកដាក់ គាំទ្រ និងលើកទឹកចិត្តដល់សហគ្រាសនិងអង្គការ​នានារបស់ដាណឺម៉ាកឱ្យបង្កើន​កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅវៀតណាម។ ព្រះមហាក្សត្រ Frederik X បានសង្កត់ធ្ងន់ថា ភាគីទាំងពីរ​ត្រូវជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរថាមពល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចសមុទ្រ ការអប់រំ និងបណ្តុះបណ្តាល និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនផងដែរ​។

ក្នុងជំនួបជាមួយប្រធានសភាដាណឺម៉ាក លោក Henrik Frandsen អគ្គលេខា​បក្ស ប្រធានរដ្ឋវៀតណាម លោក តូ​ ឡឹម បានស្នើឱ្យសភាដាណឺម៉ាកបន្តយកចិត្តទុកដាក់ គាំទ្រ និងលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាល​នៃប្រទេស​ទាំងពីរប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ និងបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់។ ទន្ទឹមនឹងនោះ បង្កើនការចែករំលែកបទពិសោធន៍ក្នុងការកសាងស្ថាប័ន និងច្បាប់ស្តីពីការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក​ប្រធានរដ្ឋសភា Henrik Frandsen បានសម្តែងនូវ​បំណងចង់ឱ្យ​ភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរប្រជាជន និងបង្កើនការសម្របសម្រួលក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។

នៅយប់ថ្ងៃដដែលនោះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចូលរួមក្នុងពិធីលៀងសាយភោជន៍​ផ្លូវ​រដ្ឋ​​ដែលរៀបចំដោយព្រះមហាក្សត្រ Frederick X និងព្រះមហាក្សត្រីយានី​៕​