ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ព្រះរាជាណាចក្របែលហ្ស៊ិក នារសៀលថ្ងៃទី ២៣ ខែតុលា (ម៉ោងក្នុងស្រុក) នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជវង្ស Egmont (រាជធានីប្រ៊ុចសែល) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយមួយក្រោមប្រធានបទ “ប្រែក្លាយចក្ខុវិស័យទៅជាសកម្មភាព៖ ពីការសម្រេចចិត្តនយោបាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការ”។

យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ប្រទេសនានាកំពុងរស់នៅក្នុងសម័យកាលដែលសណ្តាប់ធ្នាប់អន្តរជាតិត្រូវរៀបចំឡើងវិញយ៉ាងស៊ីជម្រៅ។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចបានជ្រៀតចូលយ៉ាងជ្រៅ ទៅក្នុងរចនាសម្ព័ន្ធស្នូលទាំងអស់។ ការលេចចេញនូវគោលនយោបាយ "សន្តិសុខសេដ្ឋកិច្ច" ឬ "កាត់បន្ថយហានិភ័យ" កំពុងបង្កើតព្រំដែនថ្មីនៅក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងខ្សែសង្វាក់ផលិតកម្ម ដែលជំរុញឱ្យពិភពលោកនៅចំពោះមុខការបែកបាក់ភូមិសាស្ត្រសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងបរិបទនោះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានសង្កត់ធ្ងន់ថា៖

"បទពិសោធន៍បញ្ជាក់ថា គ្មានប្រទេសណាមួយអាចដោះស្រាយហានិភ័យសកលទាំងនេះដោយខ្លួនឯងបានទេ។ សំណួរជាយុទ្ធសាស្ត្រគឺធ្វើយ៉ាងម៉េចដើម្បីអាចការពារអធិបតេយ្យភាពជាតិផង និងចូលរួមចំណែកក្នុងការកសាងសណ្តាប់ធ្នាប់អន្តរជាតិដោយយុត្តិធម៌ បើកចំហ និងផ្អែកលើច្បាប់ផង? នេះគឺជាសំណួរដែលតម្រូវឱ្យមានដំណោះស្រាយរួមរវាងវៀតណាម និងសហភាពអឺរ៉ុប ហើយខ្ញុំជឿថា កាលណាយើងផ្លាស់ប្តូរទស្សនៈកាន់តែច្រើន យើងកាន់តែដឹងថាយើងចែករំលែកចំណុចរួមជាយុទ្ធសាស្ត្រ និងតម្លៃស្នូលច្រើនជាងភាពខុសគ្នា"។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានលើកច្បាស់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយបើកឱកាសបន្ថែមទៀតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយនៅលើមាគ៌ានោះ វៀតណាមត្រូវការជាបន្ទាន់នូវភាពជាដៃគូជាយុទ្ធសាស្ត្រ យុត្តិធម៌ តុល្យភាព និងប្រសិទ្ធភាពពីដៃគូអន្តរជាតិ ក្នុងនោះ សហភាពអឺរ៉ុបជាដៃគូឈានមុខគេ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបានស្នើឡើងនូវវិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏លេចធ្លោចំនួនប្រាំរវាងវៀតណាម និងសហភាពអឺរ៉ុបក្នុងរយៈពេលខាងមុខ រួមមាន៖ ទីមួយ បង្កើនទំនុកចិត្តនយោបាយ និងសន្តិសុខសេដ្ឋកិច្ច។ ទីពីរ ធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្រិតថ្មីមួយ។ ទីបី មានការទម្លុះទម្លាយក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្ភារៈអេឡិចត្រូនិក និងនវានុវត្តន៍។ ទីបួន ជំរុញការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរថាមពលយុត្តិធម៌។ ទីប្រាំ ពង្រឹងមូលដ្ឋានគ្រឹះនៃការអប់រំ ការបណ្តុះបណ្តាល និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។

នៅចុងបញ្ចប់នៃសុន្ទរកថា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានសង្កត់ធ្ងន់លើការបញ្ចូលគ្នាដ៏អស្ចារ្យនៃប្រភពបំផុសគំនិតពីរគឺ៖ ពាក្យស្លោកនៅលើនិមិត្តសញ្ញាជាតិបែលហ្ស៊ិក “សមាគ្គីភាពបង្កើតកម្លាំង” និងមរតកសាសន៍របស់លោកប្រធានហូជីមិញ៖ “សាមគ្គី សាមគ្គី មហាសមាគ្គី។ ជោគជ័យ ជោគជ័យ មហាជោគជ័យ”; ដោយបញ្ជាក់ថា នេះគឺជាចំណុចរួមសម្រាប់យុគសម័យថ្មី៖ សមាគ្គីភាពក្នុងភាពចម្រុះ ដើរទន្ទឹមគ្នាក្នុងការគោរពភាពខុសគ្នា ដើម្បីរួមគ្នាសរសេរជំពូកថ្មីមួយសម្រាប់សន្តិភាព និងវិបុលភាពរបស់ទ្វីបទាំងពីរ៕