ថ្លែងនៅក្នុងពិធីនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម បានអបអរសាទរចំពោះសមិទ្ធផល​លេចធ្លោ​ដែល​ប្រជាជន​ថៃសម្រេចបាន ក្រោមការគ្រងរាជ្យសម្បត្តិ របស់ព្រះមហាក្សត្រ និងតួនាទីដ៏សំខាន់របស់រាជវង្សានុវង្ស ក្នុងការពង្រឹងឯកភាពជាតិ រក្សាស្ថិរភាព និងអភិវឌ្ឍប្រទេសជាតិ​។ យោងតាមលោក​អគ្គលេខាបក្ស ប្រធានរដ្ឋ ប្រការដ៏មានតម្លៃមួយគឺចំណងមិត្តភាពរវាងវៀតណាម និងថៃ មិនត្រឹមតែត្រូវបានកសាងឡើងតាមរយៈឯកសារសហប្រតិបត្តិការ និងដំណើរទស្សនកិច្ចកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានបង្កើតឡើង ថែរក្សា និងពូនជ្រុំដោយចំណងមិត្តភាពដ៏​ជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

«រយៈពេល ៥០ ឆ្នាំកន្លងមកនេះ គឺជាដំណើរដ៏គួរឱ្យមោទនភាពសម្រាប់យើងក្រឡែកមើល​ឡើង​វិញ ហើយក៏ជាការចាប់ផ្តើមនៃការបោះជំហាន​កាន់​តែឆ្ងាយផងដែរ​។ វៀតណាមចង់សហការជាមួយថៃ ដើម្បីកសាងទំនាក់ទំនងកាន់តែជាក់ស្តែង ដែល​ក្នុង​នោះ ភាពជោគជ័យរបស់ប្រទេសម្ខាង​នឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់​ការ​អភិ​វ​ឌ្ឍ​រ​ប​ស់ប្រទេសម្ខាងទៀត។ ខ្ញុំជឿជាក់ថា យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរនឹងបន្តទទួលមរតកសមិទ្ធផលរបស់មនុស្សជំនាន់មុនៗ ដោយរួមគ្នាកសាងចំណង​មិត្តភាពកាន់​តែរឹងមាំ​រវាងប្រទេសទាំងពីរ។ ខ្ញុំជឿជាក់ថា ជាមួយនឹងមូលដ្ឋាន​គ្រឹះដ៏រឹងមាំនៃទំនុកចិត្តនយោបាយ ចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ និងអត្ថន័យដ៏សំខាន់នៃព្រះរាជ​ដំណើរទស្សនកិច្ច​លើក​នេះ របស់​ព្រះមហាក្សត្រ និង​ព្រះ​អគ្គមហេសី ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ នឹងអភិវឌ្ឍកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយចីរភាព»។

ព្រះមហាក្សត្រថៃបានសង្កត់ធ្ងន់ថា ព្រះរាជ​ដំណើរទស្សនកិច្ចមកកាន់វៀតណាម​លើក​នេះ បាន​ប្រព្រឹត្តទៅក្នុង​​ឱកាសខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជាការបញ្ជាក់យ៉ាង​ខ្លាំងក្លាអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់លើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងភាព​ជាអ្នកជិតខាងដ៏សាមគ្គី​ភាព ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសមាជិកនៃសហគមន៍អន្តរជាតិ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជារាងរហូត​៕