ថ្លែងនៅក្នុងកិច្ចពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ឲ្យភាគីទាំងពីរបន្តទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដោយបង្កើតមូលដ្ឋានគ្រឹះផ្នែកច្បាប់អំណោយផលជាងមុនសម្រាប់ការវិនិយោគរយៈពេលវែង ស្ថិរភាព និងប្រកបដោយចីរភាព។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យផ្តោតលើទិសដៅសំខាន់ៗចំនួនបីនៃកិច្ចសហប្រតិបត្តិការ៖ ទីមួយ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ភស្តុភារកម្ម កំពង់ផែ ថាមពលស្អាត និងសេដ្ឋកិច្ចវិលជុំ។ ទីពីរ រួមគ្នាជំរុញបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត ស៊ឺមីកុងឌុចទ័រ សុខាភិបាល ឱសថ ជីវបច្ចេកវិទ្យា និងកសិកម្មបច្ចេកវិទ្យាខ្ពស់។ ទីបី រួមគ្នាលើកកំពស់ពាណិជ្ជកម្មទៅជាខ្សែសង្វាក់តម្លៃដែលមានស្តង់ដារខ្ពស់ ប្រកបដោយចីរភាព និង ទំនួលខុសត្រូវ។

ដើម្បីប្រែក្លាយទិសដៅទាំងនោះទៅជាការពិត អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក លោក តូ ឡឹម បានបញ្ជាក់ថា៖

"វៀតណាមមានទិសដៅទាក់ទាញគម្រោង FDI ដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាខ្ពស់ មិនប៉ះពាល់ដល់បរិស្ថាន មានតម្លៃបន្ថែមខ្ពស់ និងជះឥទ្ធិពលយ៉ាងទូលំទូលាយ ដែលភ្ជាប់ទៅនឹងការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងការតភ្ជាប់ជាមួយសហគ្រាសក្នុងស្រុក។ រដ្ឋាភិបាលវៀតណាមក៏ប្តេជ្ញាបន្តរួមដំណើរ ស្តាប់ និងដោះស្រាយការលំបាក ឧបសគ្គ បង្កើតបរិយាកាសវិនិយោគដែលមានតម្លាភាព ស្ថិរភាព និងអំណោយផល ដើម្បីឱ្យវិនិយោគិនអន្តរជាតិអាចវិនិយោគប្រកបដោយទំនុកចិត្តរយៈពេលវែងជាមួយវៀតណាមសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព"។

នៅក្នុងកិច្ចពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងគណៈប្រតិភូបានធ្វើជាសាក្សីនៅក្នុងពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការ៕

កិច្ចព្រមព្រៀងរួមមាន៖

កិច្ចព្រមព្រៀងរវាងក្រសួងអប់រំ និងបណ្តុះបណ្តាល និងសហភាពអឺរ៉ុប (EU) ស្តីពីការអប់រំ និងបណ្តុះបណ្តាល។

កិច្ចព្រមព្រៀងរវាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងមូលនិធិ Aquitara និងក្រុមហ៊ុនហិរញ្ញវត្ថុ ៥១២ ស្តីពីការធ្វើការស្រាវជ្រាវ ការស្ទង់មតិ និងការរៀបចំសំណើវិនិយោគសម្រាប់គម្រោងសួនឧស្សាហកម្មបច្ចេកវិទ្យាអេកូនៅសួនឧស្សាហកម្មហាបាំង ទីក្រុងហាណូយ។

កិច្ចព្រមព្រៀងរវាងសាជីវកម្មជាតិគីមីវៀតណាម និងក្រុមហ៊ុន Air Liquide ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីលើកកំពស់ប្រសិទ្ធភាពថាមពល សុវត្ថិភាពឧស្សាហកម្ម និងការផ្លាស់ប្តូរថាមពល។

កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុន APG Inc. ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទីផ្សារប្រកបដោយចីរភាព និងផ្សព្វផ្សាយរូបភាព ម៉ាកយីហោ។

កិច្ចព្រមព្រៀងរវាងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសវៀតណាម (EuroCham) និងមូលនិធិ Aquitara ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកម្មវិធី An Vui Mart ក្រោមមូលនិធិសប្បុរសធម៌ Aquitara ក្នុងក្របខ័ណ្ឌនៃកម្មវិធី EuroCham Give Back to Vietnam។

កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ Vietravel និងក្រុមហ៊ុនទេសចរណ៍អន្តរជាតិ HiSEAS សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍផលិតផល។