ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam បានបញ្ជាក់ថា វៀតណាមឱ្យតម្លៃចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក ហើយមានបំណងចង់ធ្វើការជាមួយរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald J. Trump ដើម្បីបន្តនាំទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ជាក់ស្តែង មានប្រសិទ្ធភាព និងចីរភាព។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam បានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តបង្កើនសកម្មភាពដើម្បីជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែងនៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
នៅថ្ងៃដដែល ក្នុងជំនួបជាមួយក្រុមតំណាងរាស្ត្រអាមេរិកដឹកនាំដោយសមាជិកសភាតំណាងរាស្ត្រ លោក Gregory Meeks សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រ អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam បានបញ្ជាក់ថា វៀតណាមក៏មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់; ស្នើឱ្យរដ្ឋសភាអាមេរិកបន្តយកចិត្តទុកដាក់និងគាំទ្រកិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាម ការពារជាតិ-សន្តិសុខ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ; បង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ជនវៀតណាមនៅសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍ និងរួមចំណែកវិជ្ជមានដល់សហគមន៍នៅប្រទេសសាម៉ី ហើយក្លាយជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ។
សមាជិកសភាតំណាងរាស្ត្រ លោក Gregory Meeks បានអះអាងថា សហរដ្ឋអាមេរិកឱ្យតម្លៃចំពោះទំនាក់ទំនងនិងតួនាទីនៃកិច្ចសហប្រតិបត្តិការសភា; មានបំណងចង់បន្តជំរុញការជួបប្រាស្រ័យនិងការផ្លាស់ប្ដូររវាងរដ្ឋសភានៃប្រទេសទាំងពីរ; បញ្ជាក់នូវការសន្យាបន្តជួយឧបត្ថម្ភវៀតណាមក្នុងការជំនះផលវិបាកនៃសង្គ្រាម រួមទាំងការដោះស្រាយគ្រាប់បែកមីន គ្រាប់រំសេវដែលនៅសេសសល់ពីសង្គ្រាម ការបោសសម្អាតការបំពុលឌីអុកស៊ីន ការជួយឧបត្ថម្ភដល់ជនពិការ និងរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ដើម្បីស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណយុទ្ធជនពលីវៀតណាមដែលនៅតែខ្វះព័ត៌មាន និងបាត់ខ្លួនពីសង្គ្រាម៕
