កាលពីយប់ថ្ងៃទី ២០ ខែកញ្ញា (ម៉ោងក្នុងតំបន់) អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ J.F. Kennedy ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ គួបផ្សំជាមួយនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក។
នេះជាដំណើរទស្សនកិច្ចការងារលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ទៅកាន់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក បន្ទាប់ពីវៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។ ការដែល អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ចូលរួមសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ បញ្ជាក់ពីការឲ្យតម្លៃរបស់បក្ស និងរដ្ឋវៀតណាមចំពោះពហុភាគីនិយម និងតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិ។ នេះក៏ជាការបង្ហាញយ៉ាងខ្ជាប់ខ្ជួនអំពីគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ក៏ដូចជាពហុភាគីនីយកម្មនិងពិពិធកម្មទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាមផងដែរ។ ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅក្នុងវេទិកាពហុភាគីធំបំផុតរបស់ពិភពលោក កាន់តែមានអត្ថន័យថែមទៀត ដោយសារឆ្នាំនេះគឺជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ដែលចាប់ផ្ដើមយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។
ក្នុងពេលជាមួយគ្នានោះ ដំណើរទស្សនកិច្ចការងារនិងសកម្មភាពទ្វេភាគី របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ នឹងរួមចំណែកដល់ការអនុវត្តការយោគយល់គ្នារួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងសហរដ្ឋអាមេរិក ព្រមទាំងជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ជាក់ស្តែង មានប្រសិទ្ធភាព និងចីរភាព៕
