នៅក្នុងសុន្ទរកថា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើទិសដៅសំខាន់ៗចំនួន៤។ ទីមួយ ស្តារទំនុកចិត្តរវាងបណ្ដាប្រទេសដោយផ្អែកលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ប្រទេសទាំងអស់ត្រូវតែគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិជ្រើសរើសមាគ៌ាអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមក; មិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក មិនត្រូវគំរាមកំហែងប្រើប្រាស់កម្លាំង ផ្ទុយទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ។ មហាអំណាចត្រូវនាំមុខគេក្នុងការគោរពច្បាប់អន្តរជាតិ អត់ធ្មត់ និងដោះស្រាយបញ្ហារួមដោយមានការទទួលខុសត្រូវ។ អង្គការសហប្រជាជាតិត្រូវតែដើរតួនាទីមជ្ឈភាពក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក រយៈពេលជិត ៦០ ឆ្នាំនៃការអភិវឌ្ឍរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបង្ហាញថា ប្រទេសនានា អាចប្រែក្លាយការមន្ទិលសង្ស័យទៅជាការជឿទុកចិត្ត ការប្រឈមមុខដាក់គ្នាទៅជាការសន្ទនា ការបែកបាក់គ្នាទៅជាកិច្ចសហប្រតិបត្តិការ និងកម្លាំងបុគ្គលទៅជាកម្លាំងសមូហភាព។

«ដោយឈរលើស្មារតីនោះ វៀតណាមប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះ រួមទាំងជម្លោះនៅសមុទ្រខាងកើត ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២; ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ខ្លួន។ សមុទ្រ និងមហាសមុទ្រត្រូវតែជាលំហនៃសន្តិភាព កិច្ចសហប្រតិបត្តិការ ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព»។

ទីពីរ ជំរុញការអភិវឌ្ឍប្រកបដោយសមធម៌ មនុស្សសាស្ត្រ បរិយាប័ន្ន និងចីរភាព។ ការប្តេជ្ញាចិត្តអន្តរជាតិគួរតែត្រូវបានប្រែក្លាយទៅជាសកម្មភាព និងនាំមកនូវជីវភាពដ៏សុខសាន្ត សុវត្ថិភាព អរិយធម៌ និងសុភមង្គលសម្រាប់ប្រជាជន។ ការអភិវឌ្ឍត្រូវតែយកមនុស្សជាចំណុចស្នូល ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។

ទីបី ម្ចាស់ការបង្កើតអភិបាលកិច្ចបច្ចេកវិទ្យាជឿនលឿន ដើម្បីបម្រើមនុស្សជាតិនិងការអភិវឌ្ឍរួមគ្នា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការរៀបចំពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទីក្រុងហាណូយក្នុងឆ្នាំ ២០២៥ បានបង្ហាញពីគោលបំណងរបស់វៀតណាម ក្នុងការរួមចំណែកជាក់ស្តែងដល់កិច្ចសហប្រតិបត្តិការឌីជីថលសកល។ វៀតណាមត្រៀមខ្លួនរួចជាស្រេច ធ្វើការជាមួយដៃគូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ បង្កើនសមត្ថភាពក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដើម្បីឱ្យប្រជាជនរស់នៅដោយសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍ពីវឌ្ឍនភាពបច្ចេកវិទ្យា។

ទីបួន ពង្រឹងពហុភាគីនិយម និងតួនាទីមជ្ឈភាព ដែលមិនអាចជំនួសបានរបស់អង្គការសហប្រជាជាតិ។

“កម្លាំងរបស់អង្គការសហប្រជាជាតិមិនមែនស្ថិតក្នុងការជំនួសឲ្យការទទួលខុសត្រូវរបស់ប្រទេសនីមួយៗនោះទេ ប៉ុន្តែស្ថិតនៅក្នុងកិត្យានុភាព និងសមត្ថភាពកសាងការស្រុះចិត្តគំនិត កសាងស្តង់ដារ អភិវឌ្ឍន៍ច្បាប់ និងកៀរគរកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួម។ ដើម្បីឱ្យអង្គការសហប្រជាជាតិអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃសម័យកាល វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់អង្គការសហប្រជាជាតិ ជាពិសេសមហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ និងលេខាធិការដ្ឋាន ឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាព ផ្តល់អាទិភាពដល់ការកែទម្រង់រចនាសម្ព័ន្ធ បង្រួមក្បាលម៉ាស៊ីន ព្រមទាំងពង្រីកចំណុចខ្លាំងរបស់អង្គការក្នុងការអនុវត្តរបៀបវារៈសកល និងធានាផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍នានា”។

នៅខាងវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមនឹងការពារយ៉ាងខ្ជាប់ខ្ជួននូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជំរុញការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី ហើយចូលរួមកាន់តែទូលំទូលាយក្នុងប្រតិបត្តិការរក្សាសន្តិភាព៕