មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់​ បាននិយាយកាលពីថ្ងៃទី១៧ ខែសីហា ថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេចសម្រាប់ការកើនឡើងនៃភាពតានតឹងនៅច្រកសមុទ្រ Hormuz និងតំបន់ទូលំទូលាយជាង ហើយអាចនឹងបើកការវាយប្រហារយោធា "ទាន់ពេលវេលានិងចំគោលដៅ" ដើម្បីបំបែកការបិទខ្ទប់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ប្រសិនបើការទូតបរាជ័យ។ ក្នុងពេលជាមួយគ្នានោះ យោងតាមបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Jared Kushner ដែលកំពុងធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី ១៧ ខែសីហា បានឲ្យដឹងថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ប្រហែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាជាងពេលណាៗទាំងអស់ ប៉ុន្តែភាគីទាំងពីរមិនទាន់ឈានដល់ការយោគយល់គ្នានៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅថ្ងៃដដែល បានបដិសេធការប្រកាសពីមុនរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលថា មានកាណាលចរចាសម្ងាត់រវាងទីក្រុងវ៉ាស៊ីនតោន និងកងកម្លាំងនេះ។ អ្នកនាំពាក្យ IRGC លោក Hossein Mohebbi បានអះអាងថា មិនមានការសន្ទនាណាមួយកំពុងកើតឡើងរវាងមន្ត្រី IRGC និងទីក្រុងវ៉ាស៊ីនតោននោះទេ។

កាលពីថ្ងៃទី ១៧ ខែសីហា ផងដែរ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងថា អ៊ីរ៉ង់គួរតែចុះចាញ់ ព្រមទាំងបញ្ជាក់ជាថ្មីនូវគោលដៅលេខមួយរបស់សហរដ្ឋអាមេរិកនោះគឺ៖ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរមិនថាក្នុងទម្រង់ណាមួយឡើយ។ លោកក៏បាននិយាយផងដែរថា ប្រសិនបើអូម៉ង់ធ្វើការរារាំងលើកិច្ចព្រមព្រៀងដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទាក់ទងនឹងសិទ្ធិគ្រប់គ្រងច្រកសមុទ្រ Hormuz សហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកលើប្រទេសនេះតែម្ដង៕