នេះជាលើកដំបូងហើយ ដែលភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងច្បាស់ថា ពិភពលោកនឹងកើនសីតុណ្ហភាពលើសពីកម្រិត ១,៥ °C ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីឆ្នាំ២០២៥ ធ្លាប់បានទទួលស្គាល់ថា ការឡើងកម្តៅហួសកម្រិតនេះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គឺស្ទើរតែជៀសមិនរួច ប៉ុន្តែរបាយការណ៍ថ្មីរបស់ UNEP គឺជាការវាយតម្លៃដំបូងនៃភ្នាក់ងារអង្គការសហប្រជាជាតិដែលទទួលស្គាល់ជាផ្លូវការនូវសេណារីយ៉ូខាងលើ។ របាយការណ៍នេះ បានដាក់ចេញនូវសេចក្តីសន្និដ្ឋានថា «សកម្មភាពសកលដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅមិនមានល្បឿនគ្រប់គ្រាន់ដើម្បីទប់ស្កាត់មិនឱ្យសីតុណ្ហភាពភពផែនដីកើនហួស ១,៥ អង្សាសេឡើយ»។
បច្ចុប្បន្ន ភពផែនដីបានឡើងកម្ដៅប្រមាណ ១,៤ អង្សាសេ ធៀបនឹងដំណាក់កាលឆ្នាំ ១៨៥០-១៩០០ ដែលភាគច្រើនបណ្តាលមកពីការដុតឥន្ធនៈផូស៊ីល។ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា រាល់ដំណាក់កាលណាមួយដែលសីតុណ្ហភាពកើនហួស ១,៥°C សុទ្ធតែបង្កើនហានិភ័យនៃបាតុភូតអាកាសធាតុអាក្រក់ ខណៈពេលដែលគំរាមកំហែង បង្កឱ្យមានការផ្លាស់ប្តូរដែលមិនអាចកែប្រែបាន រួមទាំងស្ថានភាពបាត់បង់ផ្ទាំងទឹកកកធំៗ និងប្រព័ន្ធអេកូឡូស៊ីផ្កាថ្មផងដែរ៕
