នេះជាលើកដំបូងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងបឋមនៅពាក់កណ្តាលខែមិថុនា ដែលកប៉ាល់ដឹកទំនិញមួយគ្រឿងរងការវាយប្រហារនៅក្នុងដែនទឹកក្នុងតំបន់។ ហេតុការណ៍នេះបានកើតឡើងក្នុងបរិបទដែលទីភ្នាក់ងារនាវាចរណ៍របស់អង្គការសហប្រជាជាតិ (IMO) នៅថ្ងៃទី ២៣ មិថុនា បានចាប់ផ្តើមប្រតិបត្តិការពិសេសមួយ ដើម្បីជួយសង្គ្រោះកប៉ាល់ដឹកទំនិញរាប់រយគ្រឿង និងនាវិកប្រហែល ១១.០០០ នាក់ដែលជាប់គាំងនៅឈូងសមុទ្រពែរ្ស នៅពេលដែលច្រកសមុទ្រហ័រមូសត្រូវបានបិទដោយសារតែជម្លោះ។
ទាក់ទងនឹងច្រកសមុទ្រហ័រមូសផងដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក និងសមភាគីមកពីបណ្តាប្រទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) រួមមានអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម គុយវ៉ែត កាតា បារ៉ែន និងអូម៉ង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយនាថ្ងៃទី ២៥ មិថុនា ដោយអំពាវនាវឱ្យមានការបើកច្រកសមុទ្រហ័រមូសឡើងវិញ ហើយប្រឆាំងជំទាស់នឹងការដាក់ថ្លៃសេវាលើផ្លូវដឹកជញ្ជូនអន្តរជាតិពិសេសនេះ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងក្នុងបរិបទដែលអ៊ីរ៉ង់បានអះអាងម្តងហើយម្តងទៀតអំពីអធិបតេយ្យភាពលើច្រកសមុទ្រហ័រមូស ហើយនឹងអនុវត្តន៍ផែនការប្រមូលថ្លៃសេវាពីកប៉ាល់ដែលឆ្លងកាត់តំបន់នោះ៕
