ដោយបន្តរបៀបវារៈនៃសម័យប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៦ នៅព្រឹកថ្ងៃទី២៤ ខែតុលា រដ្ឋសភាបានពិភាក្សាជាក្រុមលើសេចក្តីព្រាងច្បាប់ចំនួនបីគឺ៖ ច្បាប់ស្តីពីធនធាន បរិស្ថានសមុទ្រ និងកោះសមុទ្រ (ធ្វើវិសោធនកម្ម); ច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការការពារបរិស្ថាន; ច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ។
ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ការបន្ធូរបន្ថយនេះត្រូវតែសម្រេចដោយរដ្ឋសភា ដើម្បីធានាបាននូវភាពស្របច្បាប់ ភាពស៊ីសង្វាក់គ្នានៃប្រព័ន្ធច្បាប់ និងអនុលោមតាមការប្តេជ្ញាចិត្តអន្តរជាតិ ព្រមទាំងភ្ជាប់អនុគ្រោះជាមួយនឹងការប្តេជ្ញាចិត្ត និងលទ្ធផលអនុវត្តន៍។ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានលើកច្បាស់ថា៖
«អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវតែភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍។ ខ្ញុំចាត់ទុកថា ចាំបាច់ត្រូវបញ្ជាក់នៅក្នុងច្បាប់អំពីគោលការណ៍និងលក្ខណៈវិនិច្ឆ័យជាមូលដ្ឋានដើម្បីកំណត់ថា តើគម្រោងមានសិទ្ធិទទួលបានអនុគ្រោះពិសេសឬអត់; ជាពិសេសលក្ខណៈវិនិច្ឆ័យទាក់ទងនឹងការជះឥទ្ធិពល ការបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរួមចំណែកដល់ការបង្កើនសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ត្រូវតែមានយន្តការច្បាស់លាស់សម្រាប់ការត្រួតពិនិត្យ ការឃ្លាំមើល និងការដកហូតឡើងវិញដែលភ្ជាប់ទៅនឹងលទ្ធផលធាតុចេញ មិនត្រឹមតែផ្អែកលើការប្តេជ្ញាចិត្តចំពោះធាតុចូលនោះទេ»។
លោកប្រធានរដ្ឋសភាក៏បានក្រើនរំលឹកពីបញ្ហាផ្សេងទៀតដូចជា៖ ការពន្យាពេលគម្រោងនៅក្នុងឧទ្យានឧស្សាហកម្មអេកូឡូស៊ីដល់អតិបរមា ៧០ ឆ្នាំ; ការបង្កើនការតភ្ជាប់ FDI ជាមួយសេដ្ឋកិច្ចក្នុងស្រុក ការផ្តល់អាទិភាពដល់គម្រោងបច្ចេកវិទ្យាខ្ពស់ តម្លៃបន្ថែមខ្ពស់ និងគម្រោងដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ៕
