នារសៀលថ្ងៃទី ៥ ខែសីហា នៅអគាររដ្ឋសភាក្នុងទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្ត្រថៃ លោក Sophon Zaram ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងថៃ (ថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៧៦ – ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៦)។ ក្នុងជំនួបពិភាក្សា ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា ទំនាក់ទំនងវៀតណាម-ថៃកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បន្ទាប់ពីត្រូវបានលើកកំពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៥ ព្រមទាំងឯកភាពបន្តអនុវត្តន៍កិច្ចព្រមព្រៀងជាន់ខ្ពស់ប្រកបដោយប្រសិទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការអប់រំ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជន; ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកបទពិសោធន៍ក្នុងការតាក់តែងច្បាប់ ការឃ្លាំមើលកំពូល ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; លើកកម្ពស់តួនាទីរបស់រដ្ឋសភាក្នុងការធ្វើឲ្យសុក្រិតនូវក្របខ័ណ្ឌច្បាប់ និងត្រួតពិនិត្យការអនុវត្តកម្មវិធីសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៦-២០៣១។ ប្រធានរដ្ឋសភាទាំងពីររូបក៏បានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វេទិកាសហភាពអន្តរសភាអាស៊ាន (AIPA) សហភាពអន្តរសភាពិភពលោក (IPU) និងវេទិកាសភាពហុភាគីនានា រួមចំណែកដល់ការពង្រឹងមជ្ឈភាពរបស់អាស៊ាន និងបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងយន្តការអនុតំបន់មេគង្គផងដែរ៕