នារសៀលថ្ងៃទី ៩ ខែមិថុនា នៅទីស្នាក់ការមជ្ឈិមបក្សនៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សុនសៃ ស៊ីផាន់ដូន ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣។ ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យប្រទេសទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់ រក្សាកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យសន្តិសុខ ការពារជាតិ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងផ្លាស់ប្ដូរថ្មីវិធីសាស្រ្តសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្ស និងពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានាប្រកបដោយប្រសិទ្ធភាព។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឲ្យ ភាគីទាំងពីរគួរតែផ្តល់អាទិភាពដល់ការជំរុញគម្រោងសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យដឹកជញ្ជូន ថាមពល កសិកម្ម និងការផ្លាស់ប្តូរឌីជីថល ជាពិសេសគម្រោងសហប្រតិបត្តិការក្នុងការអភិវឌ្ឍកំពង់ផែ វូងអាង ផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ និងផ្លូវដែកវូងអាង-វៀងចន្ទន៍។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជាក្នុងការរក្សា និងពូនជ្រុំសាមគ្គីភាពរវាងប្រជាជាតិទាំងបី ព្រមទាំងជំរុញការអនុវត្តផែនការសកម្មភាពតភ្ជាប់សេដ្ឋកិច្ចទាំងបី កម្ពុជា-ឡាវ-វៀតណាម ត្រឹមឆ្នាំ២០៣០ ប្រកបដោយប្រសិទ្ធភាពផងដែរ។
នារសៀលថ្ងៃនេះផងដែរ ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានស្នើឱ្យមានការលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាម-កម្ពុជា ក៏ដូចជារវាងបក្សទាំងបី និងប្រទេសទាំងបី វៀតណាម កម្ពុជា ឡាវ ក្នុងនោះមានយន្តការជំនួបរវាងនាយករដ្ឋមន្ត្រីបីរូប រដ្ឋមន្ត្រីការពារជាតិបីរូប រដ្ឋមន្ត្រីនគរបាលបីរូប និងរដ្ឋមន្ត្រីការបរទេសបីរូប។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាម ដើម្បីអនុវត្តន៍ការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងនានា រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា (CPP)។
ទាក់ទិននឹងស្ថានភាពអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអនុតំបន់មេគង្គ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសហគមន៍ហ្វ្រង់កូហ្វូនីលើកទី២០ ដោយជោគជ័យនៅខែវិច្ឆិកា ឆ្នាំ២០២៦៕
