ផលប៉ះពាល់នៃអែលនីញ៉ូកំពុងគំរាមកំហែងដោយផ្ទាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារសកល។ យោងតាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បាតុភូតនេះអាចរុញច្រានមនុស្សជិត ៥០ លាននាក់ឱ្យធ្លាក់ចូលទៅក្នុងភាពអត់ឃ្លានធ្ងន់ធ្ងរនៅចុងឆ្នាំនេះ។

អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) និងមជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់សហភាពអឺរ៉ុប (JRC) ក៏បានព្រមានផងដែរថា ការប្រែប្រួលអាកាសធាតុកំពុងគំរាមកំហែងដោយផ្ទាល់ទាំងទិន្នផលដំណាំរដូវក្តៅ និងរដូវរងា ដែលនាំឱ្យមាន ហានិភ័យនៃការផ្គត់ផ្គង់ថយចុះ និងការកើនឡើងនៃតម្លៃស្បៀងអាហារ។

ទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពពី FAO បង្ហាញថា សន្ទស្សន៍តម្លៃគ្រាប់ធញ្ញជាតិសកលបានកើនឡើង ៣,៤% ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។ តម្លៃស្រូវសាលីបានកើនឡើង ៥,៨% ដោយសារតែការព្រួយបារម្ភអំពីការរំខានដល់ការនាំចេញតាមរយៈសមុទ្រខ្មៅ និង ផលប៉ះពាល់នៃអាកាសធាតុអាក្រក់លើប្រទេសផលិតសំខាន់ៗ។ តម្លៃពោតក៏បានកើនឡើង ៣,៦% ដោយសារតែស្ថានភាពក្តៅ និងស្ងួតនៅសហរដ្ឋអាមេរិក ខណៈដែលតម្លៃស្ករបានកើនឡើង ៥,៦% ដោយសារតែអាកាសធាតុក្តៅយូរនៅសហភាពអឺរ៉ុប (EU) និងផលប៉ះពាល់នៃបាតុភូតអែលនីញ៉ូនៅអាស៊ី។ លើសពីនេះ កម្រិតទឹកដែលស្រកចុះខ្លាំងបានធ្វើឱ្យផ្លូវទឹកសំខាន់ៗដូចជាទន្លេដានូប និងទន្លេរ៉ៃមិនអាចឆ្លងកាត់បាន ដែលធ្វើឱ្យហានិភ័យនៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែធ្ងន់ធ្ងរឡើង៕