យោងតាមព័ត៌មានដែលបានប្រកាសដោយគណៈកម្មការរៀបចំនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ២ ខែសីហា ពានរង្វាន់ឆ្នាំនេះមានចំនួនអត្តពលិកអន្តរជាតិចូលរួមច្រើនជាងគេបំផុតនៅក្នុងរដូវកាលទាំង ១១ ដែលបានធ្វើឡើងរហូតមកដល់ពេលនេះ។ អត្តពលិកនឹងប្រកួតក្នុងចម្ងាយស្តង់ដារចំនួន ៤ គឺ ៤២,១៩៥ គីឡូម៉ែត្រ; ២១,០៩៧៥ គីឡូម៉ែត្រ; ១០ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ។
ថ្លែងនៅពិធីប្រកាស លោក ហុង ស៊ុន ប្រធានកិត្តិយសនៃសភាពាណិជ្ជកម្មកូរ៉េខាងត្បូងប្រចាំប្រទេសវៀតណាម (KOCHAM) បានវាយតម្លៃថា៖
“ពានរង្វាន់ម៉ារ៉ាតុងបេតិកភណ្ឌហាឡុង គឺជាព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់អ្នករត់និងវិនិយោគិនកូរ៉េខាងត្បូង។ ពានរង្វាន់នេះ បំពេញតាមតម្រូវការទាំងបីគឺ កីឡា វប្បធម៌ និងទេសចរណ៍។ យើងនឹងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះយ៉ាងទូលំទូលាយ។ នេះគឺជាឱកាសដ៏ល្អមួយដើម្បីបង្កើនចំនួនភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងមកកាន់ហាឡុង និងវៀតណាម”។
បន្ទាប់ពីជោគជ័យនៃរដូវកាលមុនៗ ពានរង្វាន់ម៉ារ៉ាតុងអន្តរជាតិបេតិកភណ្ឌហាឡុង បន្តបញ្ជាក់ពីកិត្យានុភាព ជាពានរង្វាន់រត់ប្រណាំងតែមួយគត់នៅវៀតណាម ដែលត្រូវបានសហព័ន្ធអត្តពលកម្មពិភពលោក ផ្ដល់ស្លាកសញ្ញាពិភពលោក (World Athletics Label Road Race)។ នេះគឺជាការទទួលស្គាល់ចំពោះគុណភាពនៃការរៀបចំ និងស្តង់ដារអន្តរជាតិនៃពានរង្វាន់ ព្រមទាំងបើកឱកាសដើម្បីទាក់ទាញអត្តពលិកដ៏ល្បីល្បាញ និងសហគមន៍អ្នករត់ប្រណាំងអន្តរជាតិមកកាន់ហាឡុង ខេត្តក្វាងនិញកាន់តែច្រើនផងដែរ៕
