នៅអាល្លឺម៉ង់ មនុស្សប្រហែល ១.៨០០ នាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះ នៅយប់ថ្ងៃទី ១៣ ខែសីហា ខណៈដែលភ្លើងឆេះព្រៃបានរាលដាលយ៉ាងឆាប់រហ័សនៅក្នុងទីក្រុង Huertgenwald ភាគខាងលិច ជិតព្រំដែនជាប់ប្រទេសបែលហ្ស៊ិក និងហូឡង់។ តំបន់ដែលមានភ្លើងឆេះបានកើនឡើងយ៉ាងខ្លាំងពីប្រហែល ២៥ ហិកតាដល់ ៣០០ ហិកតានៅព្រឹកថ្ងៃទី ១៤ ខែសីហា។
នៅបារាំង ភ្លើងឆេះព្រៃថ្មីមួយនៅភាគនិរតីនៃខេត្ត Landes បានឆេះប្រហែល ១.១០០ ហិកតា បង្ខំឲ្យមនុស្សជាង ៥០០ នាក់ត្រូវជម្លៀសចេញ។
ក្នុងពេលជាមួយគ្នានោះ នៅក្រូអាស៊ី ភ្លើងឆេះព្រៃបានរាលដាលដល់ទីក្រុងឆ្នេរសមុទ្រភាគខាងត្បូង Omis ដោយបង្ខំឲ្យប្រជាជន និងអ្នកទេសចរយ៉ាងហោចណាស់ ១.០០០ នាក់ត្រូវជម្លៀសចេញ។ អគ្គីភ័យបានឆាបឆេះនៅល្ងាចថ្ងៃទី១៣ ខែសីហា នៅតំបន់ Lokva Rogoznica មុនពេលរាលដាលយ៉ាងឆាប់រហ័សទៅកាន់តំបន់ខាងលើ Omis ដោយគំរាមកំហែងដល់ផ្ទះសម្បែង និងយានយន្តជាច្រើន។
ភ្លើងឆេះព្រៃធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើននៃទ្វីបអឺរ៉ុបកំពុងកើតឡើងក្នុងបរិបទដែលតំបន់កំពុងទប់ទល់នឹងកំដៅជាបន្តបន្ទាប់ និងគ្រោះរាំងស្ងួតអូសបន្លាយ៕
