ដោយបន្តរបៀបវារៈនៃសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី២២ ខែតុលា សមាជិកសភាបានពិភាក្សាជាក្រុមៗអំពីសេចក្តីព្រាងច្បាប់ចំនួន ៣ ដែលត្រូវបានចាត់ទុកថា ជាចំណុចសំខាន់ៗនៃសម័យប្រជុំលើកនេះ រួមមាន៖ ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) ច្បាប់លំនៅដ្ឋាន (ធ្វើវិសោធនកម្ម) និងច្បាប់អាជីវកម្មអចលនទ្រព្យ (ធ្វើវិសោធនកម្ម)។

ថ្លែងនៅក្នុងកិច្ចពិភាក្សា ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានស្នើឲ្យធ្វើសុក្រិតស្ថាប័នសម្រាប់ការកំណត់តម្លៃដីធ្លី ដើម្បីឲ្យមានតុល្យភាពរវាងទីផ្សារជាមួយនឹងស្ថិរភាព និងតម្លាភាព។

“បំពេញបន្ថែមគោលការណ៍នៃការធ្វើឱ្យមានតុល្យភាពផលប្រយោជន៍រវាងរដ្ឋ អ្នកប្រើប្រាស់ដីធ្លី និងវិនិយោគិន។ តារាងតម្លៃដីធ្លីគួរតែកែតម្រូវតាមវដ្ត ៥ ឆ្នាំ ឬបត់បែនជាងនេះទៅទៀតគឺ ប្រកាសពីយន្តការកែតម្រូវមុនកាលកំណត់ នៅពេលដែលមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ត្រូវតែមានការត្រួតពិនិត្យដោយឯករាជ្យ ប្រកាសជាសាធារណៈអំពីវិធីសាស្រ្ត និងទិន្នន័យធាតុចូល។ កសាងមូលដ្ឋានទិន្នន័យតម្លៃដីធ្លីជាតិដែលមានទំនាក់ទំនងគ្នា និងធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្ដែង”។

ក្នុងពេលជាមួយគ្នានោះ ទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីអាជីវកម្មអចលនទ្រព្យ​ (ធ្វើវិសោធនកម្ម) បញ្ហាដែលសមាជិកសភាជាច្រើនយកចិត្តទុកដាក់ គឺសមត្ថភាពការពារអ្នកទិញនៅពេលដែលហានិភ័យកើតឡើងក្នុងប្រតិបត្តិការ។ លោកស្រី Nguyen Thi Thu Dung សមាជិកសភានៃទីក្រុងហាណូយ បានស្នើឲ្យគ្រប់គ្រងការកៀរគរដើមទុនតាំងពីដើមប្រតិបត្តិការ៖

“ទាក់ទងនឹងអចលនទ្រព្យដែលសម្រេចនាពេលអនាគត នៅក្នុងមាត្រាទី ១៨ និង ២០ អ្នកទិញច្រើនតែស្ថិតក្នុងស្ថានភាពខ្សោយទាក់ទងនឹងព័ត៌មាន ហើយជួបការលំបាកក្នុងការគ្រប់គ្រងលំហូរប្រាក់។ ការកក់ទុកដោយសុច្ឆន្ទៈអាចក្លាយជាទម្រង់នៃការកៀរគរដើមទុននៅពេលដែលមិនទាន់បំពេញលក្ខខណ្ឌគ្រប់គ្រាន់។ ចាំបាច់ត្រូវបង្ហាញជាសាធារណៈអំពីស្ថានភាពផ្លូវច្បាប់ ការធានា និងវឌ្ឍនភាព កំណត់យ៉ាងច្បាស់អំពីអង្គភាពគ្រប់គ្រង ជាដើម”៕