កាសែតខ្មែរថែមស៍នៅថ្ងៃនេះបានចុះផ្សាយអត្ថបទដែលមានចំណងជើងថា "នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ជាមួយនឹងកិច្ចព្រមព្រៀងសំខាន់ៗ ស្តីពីពាណិជ្ជកម្មនិងសន្តិសុខ" ក្នុងនោះបានលើកឡើងចំពោះការដែល នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើជាសាក្សី នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួនប្រាំមួយក្នុងវិស័យសន្តិសុខ ការបង្ការគ្រឿងញៀន ពាណិជ្ជកម្ម វប្បធម៌ និងការអប់រំ; សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ និងលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១០ ខែតុលាថា លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានបញ្ចប់ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាប្រកបដោយផ្លែផ្កា ហើយក៏បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ នៅថ្ងៃដដែលនោះ គឺថ្ងៃទី១០ ខែតុលា គេហរទំព័រ Fresh News បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “កម្ពុជា និងវៀតណាម ឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ” ដែលបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ឡេ មិញហ៊ុង នាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ នារសៀលថ្ងៃទី ៩ខែតុលា៕