យោងតាមសេចក្តីព្រាងចំនួន ៤៧ ទំព័រនេះ គណៈកម្មាធិការសេវាកម្មយោធានៃសភាតំណាងរាស្ត្រនឹងត្រូវបានបែងចែកថវិកាបន្ថែមចំនួន ៦០ ពាន់លានដុល្លារ ដើម្បីបំពេញបន្ថែមឃ្លាំងស្តុកអាវុធ បង្កើនសមត្ថភាពយោធា និងឆ្លើយតបតម្រូវការដែលកើតចេញពីជម្លោះជាមួយអ៊ីរ៉ង់។ លើសពីនេះ សេចក្តីព្រាងនេះ ក៏បែងចែកថវិកាចំនួន ១៣ ពាន់លានដុល្លារសម្រាប់កម្មវិធីស៊ើបការណ៍សម្ងាត់ និង ១២ ពាន់លានដុល្លារដើម្បីគាំទ្រវិស័យកសិកម្ម ដែលកំពុងរងផលប៉ះពាល់ដោយការកើនឡើងនៃតម្លៃថាមពល និងជី ដោយសារតែអស្ថិរភាពនៅមជ្ឈិមបូព៌ាផងដែរ។
ទោះជាយ៉ាងណាក៏ដោយ តួរលេខ ៦០ ពាន់លានដុល្លារនៅតែទាបជាងច្រើនបើធៀបនឹងតួរលេខ ៣៥០ ពាន់លានដុល្លារដែលលោកប្រធានាធិបតី Trump ធ្លាប់បានអំពាវនាវឱ្យរដ្ឋសភាបែងចែកទៅឱ្យវិស័យការពារជាតិ នៅក្នុងកញ្ចប់សម្របសម្រួលថវិកាថ្មី។
សំណើខាងលើក៏កំពុងប្រឈមមុខនឹងការប្រឆាំងជំទាស់ពីគណបក្សទាំងពីរផងដែរ។ គណបក្សប្រជាធិបតេយ្យ បានរិះគន់ថា ផែនការនេះនឹងធ្វើឲ្យបំណុលសាធារណៈកើនឡើង ដើម្បីផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈដែលសមាជិកសភាសាធារណរដ្ឋអភិរក្សនិយមមួយចំនួន បានប្រឆាំងជំទាស់ ពីព្រោះសេចក្តីព្រាងច្បាប់ថ្មីនេះ មិនអមដោយវិធានការកាត់បន្ថយការចំណាយដើម្បីទូទាត់សងសម្រាប់កញ្ចប់ថវិកាថ្មីឡើយ៕
