នៅថ្ងៃទី១៥ និងទី១៦ ខែតុលា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) នឹងរៀបចំកិច្ចប្រជុំកំពូលមួយនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីស្វែងរកដំណោះស្រាយចំពោះតម្លៃថាមពលដែលកំពុងកើនឡើងខ្ពស់ ដោះស្រាយភាពជាប់គាំងថវិការយៈពេលវែង និងកំណត់ការប្តេជ្ញាចិត្តក្នុងការផ្ដល់ជំនួយដល់អ៊ុយក្រែន។
ចំណុចកណ្ដាលនៃកិច្ចប្រជុំកំពូល នឹងផ្តោតលើថាមពល ក្នុងបរិបទដែលសម្ពាធនៃការជួយគាំទ្រពលរដ្ឋ និងអាជីវកម្មមុនរដូវរងា កំពុងដាក់បន្ទុកយ៉ាងខ្លាំងលើរដ្ឋាភិបាលនីមួយៗ។ ប្រទេសអ៊ីតាលី និងក្រិក បានស្នើឱ្យបន្ធូរបន្ថយពិដានសារពើពន្ធ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកជាច្រើនបានសម្តែងការព្រួយបារម្ភថា ដំណោះស្រាយនេះនឹងលើកទឹកចិត្តដោយអចេតនាដល់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងរារាំងដល់ដំណើរការផ្លាស់ប្តូរបៃតង។
មុនពេលកិច្ចប្រជុំកំពូល គណៈកម្មការអឺរ៉ុបបានស្នើឱ្យមានការពន្យារពេលមួយឆ្នាំក្នុងការអនុវត្តកាតព្វកិច្ចគ្រប់គ្រងការបំភាយឧស្ម័នមេតានលើឥន្ធនៈនាំចូល សំដៅកាត់បន្ថយសម្ពាធលើថ្លៃដើម និងការផ្គត់ផ្គង់។ ទោះជាយ៉ាងណាក៏ដោយ ចលនានេះកំពុងប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីអ្នកការពារបរិស្ថាន ដែលមើលឃើញថាវាជាជំហានថយក្រោយសម្រាប់គោលនយោបាយអាកាសធាតុរួម។
ទាក់ទងនឹងអ៊ុយក្រែន ប្រទេសអឺរ៉ុបនានាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តប្រកៀកស្មាជាមួយទីក្រុងគៀវ បន្ទាប់ពីការបន្ធូរបន្ថយទណ្ឌកម្មជាបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិកលើប្រេងម៉ាស៊ូតរបស់រុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគេរំពឹងថានឹងចូលរួមវគ្គពិភាក្សានៅថ្ងៃទី១៦ ខែតុលា។ កិច្ចប្រជុំនេះក៏នឹងពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ការពង្រីកសហភាពអឺរ៉ុប ការគំរាមកំហែងចម្រុះ និងការធ្វើចំណាកស្រុកផងដែរ៕
