មេដឹកនាំអាមេរិករូបនេះបាន​ឱ្យដឹងថា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) និងអ៊ីរ៉ង់ សុទ្ធតែបានស្នើសុំពេលវេលាបន្ថែមទៀតពីសហរដ្ឋអាមេរិកសម្រាប់វិស័យ​ការទូត ដោយជឿថា កិច្ចព្រមព្រៀងមួយនៅតែអាចធ្វើទៅបាន។ យោងតាមលោក ទីក្រុងវ៉ាស៊ីនតោននៅតែស្ថិតក្នុងការសន្ទនាជាមួយទីក្រុងតេអេរ៉ង់ ប៉ុន្តែក៏បានកត់សម្គាល់ថា អ៊ីរ៉ង់បានបង្ហាញម្តងហើយម្តងទៀតនូវបំណងចង់សម្រេចបាន កិច្ចព្រមព្រៀងមួយ ប៉ុន្តែមិនមែនតែងតែអនុវត្តបានត្រឹមត្រូវតាមអ្វីដែលខ្លួនបានប្តេជ្ញាចិត្តនោះឡើយ។​

នៅខាងទីក្រុងតេអេរ៉ង់វិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃដ​ដែលនោះ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកគោរពតាមអនុស្សរណៈដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ដោយបញ្ជាក់ថា ឯកសារនេះនឹងក្លាយជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសនាពេលអនាគតរបស់អ៊ីរ៉ង់។ មេដឹកនាំអ៊ីរ៉ង់បានចាត់ទុកថា ការដែលទីក្រុងវ៉ាស៊ីនតោន​អនុវត្តន៍យ៉ាង​ពេញ​លេញ​តាម​ការ​សន្យា​របស់​ខ្លួន​នឹ​ងរួមចំណែកដល់ការពង្រឹងសន្តិសុខសម្រាប់អ៊ីរ៉ង់ តំបន់ និងសម្ព័ន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់។

តាមផែនការ ខ្លឹមសារនៃកិច្ច​ចរចានេះ នឹងផ្តោតលើការបើកច្រកសមុទ្រហ័រមូសឡើងវិញ ការស្ដារឡើងវិញនូវ​សកម្មភាពនាំចេញប្រេងរបស់អ៊ីរ៉ង់ និងការបញ្ចប់ការវាយប្រហារនៅក្នុងតំបន់ រួមទាំងការវាយប្រហារដោយកងកម្លាំងគាំទ្រអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ សំដៅទៅលើបណ្តាប្រទេសឈូងសមុទ្រ និង​ប្រទេស​ហ្ស៊កដានី៕​