ដោយសរសេរនៅលើបណ្តាញសង្គម Truth Social លោក ដូណាល់ ត្រាំ បានឱ្យដឹងថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានបញ្ចប់រួចរាល់ ហើយអនុញ្ញាតឱ្យបើកច្រកសមុទ្រហ័រមូសឡើងវិញសម្រាប់សកម្មភាពនាវាចរណ៍អន្តរជាតិ និងដកការហ៊ុំព័ទ្ធរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីជាមួយអ៊ីរ៉ង់នឹងនាំមកនូវសន្តិភាពនិងសន្តិសុខដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់ថា ការបើកច្រកសមុទ្រហ័រមូសឡើងវិញបន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា នឹងជួយស្តារលំហូរប្រេងឡើងវិញ នាំមកនូវផលប្រយោជន៍សម្រាប់តំបន់ និងសេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ។
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា អ៊ីរ៉ង់បានប្រកាសពីការបញ្ឈប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក។ ដូច្នេះ ការប្រយុទ្ធគ្នានឹងបញ្ឈប់នៅគ្រប់សមរភូមិទាំងអស់ ហើយការហ៊ុំព័ទ្ធដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកត្រូវបានដកចេញនៅយប់ថ្ងៃទី១៤ ខែមិថុនា។ យោងតាមអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi ការបញ្ចប់ការប្រយុទ្ធភ្លាមមួយរំពិច និងជាអចិន្ត្រៃយ៍លើគ្រប់សមរភូមិទាំងអស់ រួមទាំងប្រទេសលីបង់ បានចូលជាធរមាននៅយប់ថ្ងៃទី ១៤ ខែមិថុនា។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសនេះមិនបាននិយាយអំពីការបើកច្រកសមុទ្រហ័រមូស ឡើងវិញនោះទេ។
មុននឹងសេចក្តីប្រកាសរបស់អ៊ីរ៉ង់ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shebaz Sharif ក៏បានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។ តាមនោះ ភាគីទាំងពីរបានយល់ព្រមបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍លើគ្រប់សមរភូមិទាំងអស់ រួមទាំងប្រទេសលីបង់ផងដែរ។ ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែមិថុនា នៅប្រទេសស្វីស៕
