បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំមួយ ដោយកំណត់គោលដៅរាប់សិបកន្លែង ដែលជាទីតាំង​របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) រួមទាំងមជ្ឈមណ្ឌលបញ្ជាការយោធា ទីតាំងមីស៊ីល យន្តហោះគ្មានមនុស្សបើក (UAV) ប្រព័ន្ធឃ្លាំមើល និងការពារឆ្នេរសមុទ្រ។ ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ប្រតិបត្តិការនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារមុននោះរបស់អ៊ីរ៉ង់ ទៅលើកងកម្លាំងអាមេរិកនៅហ្ស៊កដានី។

ជាការតបតវិញ អ៊ីរ៉ង់បានអះអាងថា បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅទីតាំងយោធាអាមេរិកនៅហ្ស៊កដានី គុយវ៉ែត និងបារ៉ែន។ ទីក្រុងតេអេរ៉ង់បាននិយាយថា គោលដៅទាំងនោះរួមមានមូលដ្ឋាន Ali Al Salem នៅគុយវ៉ែត និងមូលដ្ឋាន Sheikh Isa នៅបារ៉ែន។ ហ្ស៊កដានីបានប្រកាសថា ខ្លួនបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ចំនួនប្រាំគ្រាប់សម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ដោយមិនបាន​រាយការណ៍ពីអ្នកស្លាប់ និងរបួសឡើយ ខណៈដែលគុយវ៉ែតបានបញ្ជាក់ថា អគារពាណិជ្ជកម្មចិនមួយត្រូវបានវាយប្រហារដោយមីស៊ីល បណ្តាលឲ្យកម្មករម្នាក់ត្រូវស្លាប់។

លើវិស័យការទូត ប៉ាគីស្ថាន ដែលជាប្រទេសសម្របសម្រួលមួយ បាននិយាយថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងបន្ត ជាពិសេសទាក់ទងនឹងការបន្ធូរបន្ថយភាពតានតឹង និងការស្តារចរាចរណ៍ផ្លូវសមុទ្រឡើងវិញតាមរយៈច្រកសមុទ្រហរមូស។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រសិនបើអ៊ីរ៉ង់មិនបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិកទាំងស្រុង៕