នេះជាយប់ទី ៦ ជាប់ៗ យោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីស្លាម ដែលជារយៈពេលដ៏យូរបំផុត និងខ្លាំងក្លាបំផុតនៃការប៉ះទង្គិចគ្នារវាងភាគីទាំងពីរក្នុងអំឡុងពេលបទឈប់បាញ់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបញ្ជាក់ពីការផ្ទុះធំៗជាច្រើននៅតំបន់ឆ្នេរសមុទ្រ នៅលើឈូងសមុទ្រពែរ្ស និងនៅច្រកសមុទ្រហ័រមូស។ ទីភ្នាក់ងារសារព័ត៌មាន Mehr បានឲ្យដឹងថា អាវុធរបស់សហរដ្ឋអាមេរិកបានវាយប្រហារគោលដៅនៅលើកោះ Qeshm ជិតច្រកសមុទ្រហ័រមូស រួមទាំងភូមិ Masan ផងដែរ។ តំបន់កំពង់ផែ Bandar Abbas ដែលនៅក្បែរនោះក៏ត្រូវរងការវាយប្រហារពីមីស៊ីលរបស់សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានការផ្ទុះដ៏ខ្លាំងក្លាជាច្រើន។
លើសពីនេះ មានប្រភពព័ត៌មានបន្តរាយការណ៍ពីការផ្ទុះធំៗយ៉ាងហោចណាស់ប្រាំមួយនៅក្នុងទីក្រុង Hamidiyeh ខេត្ត Khuzestan ភាគនិរតីនៃប្រទេសអ៊ីរ៉ង់។ ប្រភពបានអះអាងថា នេះគឺជាទីតាំងស្ថិតជ្រៅបំផុតនៅក្នុងទឹកដីអ៊ីរ៉ង់ ដែលត្រូវយោធាអាកាសអាមេរិកវាយប្រហារកាលពីយប់មិញ។
កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់មិនទាន់បានប្រកាសពីការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងអ្នកវិភាគជឿថា ទីក្រុងតេអេរ៉ង់ប្រាកដជានឹងតបតវិញ។ គោលដៅតបតវិញទំនងជានឹងបន្តជាមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសគុយវ៉ែត បារ៉ែន និងហ្ស៊កដានី៕
