នាថ្ងៃទី ២១ ខែកក្កដា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹង «ចាត់វិធានការក្នុងពេលឆាប់ៗនេះ» ទាក់ទងនឹងអត្រាពន្ធថ្មីចំពោះប្រទេសរាប់សិប ក្នុងបរិបទដែលអត្រាពន្ធសកលបណ្តោះអាសន្ន ១០% របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងអស់សុពលភាពនៅចុងសប្តាហ៍នេះ (ថ្ងៃទី ២៤ ខែកក្កដា)។

ថ្លែងទៅកាន់ប៉ុស្តិ៍ CNBC តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកមានច្បាប់ហាមឃាត់ការជួញដូរទំនិញដែលផលិតដោយប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ «ខណៈពេលដែលប្រទេសភាគច្រើនផ្សេងទៀតមិនទាន់ចេញផ្សាយច្បាប់ស្រដៀងគ្នា ឬមិនអនុវត្តន៍បទប្បញ្ញត្តិដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព»នៅឡើយ។ លោក Jamieson Greer ក៏បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងដាក់ចេញវិធានការថ្មីៗដែលគ្របដណ្តប់លើប្រតិបត្តិការពាណិជ្ជកម្មភាគច្រើនរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាជាក់លាក់ណាមួយឡើយ។

កាសែត Financial Times បានដកស្រង់ប្រភពព័ត៌មានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចដាក់ពន្ធពី ១០-១២,៥% លើទំនិញនាំចូលពីប្រទេសចំនួន ៦០ នៅក្នុងសប្តាហ៍នេះតែម្ដង ដោយចាត់ទុកថា សេដ្ឋកិច្ចទាំងនេះមិនបានចាត់វិធានការសមហេតុផលដើម្បីទប់ស្កាត់កម្លាំងពលកម្មដោយបង្ខំនោះទេ៕