ថ្លែងទៅកាន់អ្នកយកព័ត៌មានមុនពេលចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូនៅទីក្រុងអង់ការ៉ា ប្រទេសទួរគី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ៦ ខែកក្កដា បានសម្តែងសុទិដ្ឋិនិយមអំពីយថាទស្សន៍នៃការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយចាត់ទុកថាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងមានវឌ្ឍនភាព ហើយដំណោះស្រាយសន្តិភាពគឺ "នៅជិតជាងអ្វីៗដែលមនុស្សគ្រប់គ្នាកំពុងគិត"។
លោកប្រធានាធិបតី ត្រាំ បាននិយាយថា រដ្ឋបាលអាមេរិកកំពុងរក្សាទំនាក់ទំនងជាមួយទាំងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីជំរុញដំណើរការចរចា។ យោងតាមលោក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន "ចង់បញ្ចប់ជម្លោះនេះ" ហើយអ៊ុយក្រែនក៏ចង់បានសន្តិភាពផងដែរ។ ការសន្ទនាតាមទូរស័ព្ទរបស់មេដឹកនាំអាមេរិកជាមួយសមភាគីរុស្ស៊ី កាលពីចុងសប្តាហ៍មុនបានប្រព្រឹត្តទៅយ៉ាង "ល្អប្រសើ" ហើយបានផ្តល់មូលដ្ឋានបន្ថែមទៀតសម្រាប់ការបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។
លោកប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់ថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននឹងក្លាយជាខ្លឹមសារដ៏សំខាន់មួយនៅក្នុងរបៀបវារៈនៅឯកិច្ចប្រជុំកំពូលណាតូ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកក្កដា។ លោកសង្ឃឹមថា ការពិភាក្សាជាមួយសម្ព័ន្ធមិត្តនឹងរួមចំណែកដល់ដំណើរការ បញ្ចប់ជម្លោះ ដែលឥឡូវនេះបានចូលដល់ឆ្នាំទី៥ហើយ។
ដោយធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ម្ចាស់សេតវិមាន អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានចាត់ទុកថា ជម្លោះនៅអ៊ុយក្រែនអាចត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ប្រសិនបើរដ្ឋបាលអាមេរិកត្រៀមខ្លួនជាស្រេច ធ្វើសកម្មភាពដោយផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចបានរវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន នៅអាឡាស្កា កាលពីខែសីហាកន្លងទៅ៕
