នាព្រឹកថ្ងៃទី ២៦ ខែតុលា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក ជិន កឹមទូ បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក កែម សម្បត្តិ អនុប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីស្រាវជ្រាវនិងចូលរួមការពិភាក្សាឯកទេស ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣០ ខែតុលា។
ក្នុងជំនួបនេះ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក ជិន កឹមទូ បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៅក្នុងតំបន់ និងពិភពលោក ការពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមករវាង បក្សទាំងពីរ និងប្រទេសទាំងពីរ មិនត្រឹមតែជាតម្រូវការសត្យានុម័តប៉ុណ្ណោះទេ ថែមទាំងជាកត្តាគន្លឹះដែលរួមចំណែកដល់ការធានាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិរបស់ភាគីនីមួយៗទៀតផង។ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក ជិន កឹមទូ បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍ក្នុងការផ្លាស់ប្ដូរថ្មី ការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំឡើងវិញឆ្ពោះទៅរកប្រសិទ្ធភាព ប្រសិទ្ធផល វិមជ្ឈការ កំណែទម្រង់រដ្ឋបាល និងការលើកកម្ពស់គុណភាពកម្មាភិបាល។
ក្នុងនាមគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃគណបក្សប្រជាជនកម្ពុជា លោក កែម សម្បត្តិ បានមានប្រសាសន៍ថា គណៈប្រតិភូទទួលបានបទពិសោធន៍ជាច្រើនក្នុងការកសាងបក្ស ការគ្រប់គ្រងរដ្ឋ ការធានាការពារជាតិ សន្តិសុខ ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម។ សមាជិកគណៈប្រតិភូនឹងស្រាវជ្រាវ ហើយអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតនូវបទពិសោធន៍ដែលទទួលបានពីកម្មវិធីនេះឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា រួមចំណែកដល់ការលើកកំពស់ប្រសិទ្ធភាពនៃការកសាងបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕
